កូម៉ាម៉ូតូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីដា ហ្វូមីអូ ឱ្យបង្កើនកម្រិតភាពជាដៃគូរវាងជប៉ុននិងកម្ពុជាឱ្យកើនដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការណ៍ឱ្យកាន់តែស៊ីជម្រៅបន្ថែម។
ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នាទីក្រុង Kumamoto នៃប្រទេសជប៉ុន នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រទេសជប៉ុនដែលបានគាំទ្រដល់កម្ពុជាកាលពីកន្លងមក និងបានរម្លឹកថាប្រទេសកម្ពុជា-ជប៉ុនមានទំនាក់ទំនងជាមួយគ្នារយៈពេល ៦៧ឆ្នាំមកហើយ។ សម្ដេចតេជោ បានបន្ថែមថាទំនាក់ទំនងជាមួយប្រទេសជប៉ុនបានជួយឱ្យកម្ពុជាទទួលបានការអភិវឌ្ឍស្ទើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ។
សម្ដេចតេជោ បន្ថែមថាប្រទេសកម្ពុជាស្វាគមន៍នាវាកងស្វ័យការពាររបស់ជប៉ុនជានិច្ចក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ក៏ដូចជាអរគុណចំពោះការសាងសង់អភិវឌ្ឍន៍កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ចំពោះកិច្ចសហការពីជប៉ុនក្នុងក្របខណ្ឌអន្តរជាតិជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
សម្ដេចតេជោបានជំរុញដល់ជប៉ុនឱ្យបង្កើនទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាពិសេសលើវិស័យការពារជាតិ និងបង្កើនកម្រិតនៃទំនាក់ទំនងទ្វេភាគីនេះពី «ដៃគូរយុទ្ធសាស្ត្រ» ដែលមាននាពេលបច្ចុប្បន្ន ទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាពេលខាងមុខផងដែរ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «សម្ដេចក៏ស្នើពីបង្កើនកម្រិតនៃទំនាក់ទំនងទ្វេភាគីនេះពីដៃគូរយុទ្ធសាស្ត្រទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខនេះ»។
នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានទទួលយកគំនិតរបស់សម្ដេចតេជោក្នុងការតម្លើងកម្រិតភាពជាដៃគូរនេះ និងបានប្រកាសគាំទ្រថានឹងធ្វើការជាមួយកម្ពុជាដោះស្រាយបញ្ហាតំបន់ និងពិភពលោករួមគ្នាផងដែរ។
ក្នុងជំនួបនោះលោក គីស៊ីដា ហ្វូមីអូ ក៏ប្រកាសជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យទឹក និងកិច្ចសហប្រតិបត្តិការលើសន្ដិសុខ ជាពិសេសលើវិស័យការពារជាតិ និងការបណ្ដុះបណ្ដាលធនធានមនុស្សលើផ្នែកកងរក្សាសន្ដិភាព។
កាលពីឆ្នាំ២០១៣ កម្ពុជា-ជប៉ុន បានដំឡើងកម្រិតភាពជាដៃគូទៅជា «ភាពជាដៃគូរយុទ្ធសាស្ត្រ» ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ទាំងការហោះហើរ ការអភិវឌ្ឍធនធានមនុស្សសមាហរណកម្មការសំអាតមីន និងការអភិវឌ្ឍន៍ទីក្រុងជាដើម។ លោក គីស៊ីដា ហ្វូមីអូ ធ្លាប់ប្រកាសថានឹងបង្កើនកម្រិតដៃគូយុទ្ធសាស្ត្រជាមួយកម្ពុជាផងដែរ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២៕