សហរដ្ឋអាមេរិក៖ ប៉ូលីសក្រុងវ៉ាស៊ីនតោនបានចេញប្រកាសស្វែងរកបុរសម្នាក់ដែលសង្ស័យបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យមនុស្ស៤នាក់រងរបួស។
ជំនួយការប្រធានប៉ូលីសរដ្ឋធានីវ៉ាស៊ីនតោន លោក Stuart Emerman បានប្រាប់អ្នកយកព័ត៌មានថា ពួកគេកំពុងស្វែងរក Raymond Spencer អាយុ ២៣ឆ្នាំនៅជាយក្រុង Fairfax រដ្ឋ Virginia ដែលត្រូវបានកំណត់អត្តសញ្ញាណដោយអ្នកស៊ើបអង្កេតតាមរយៈការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក Emerman បាននិយាយថា៖ «យើងចង់និយាយទៅកាន់លោក Spencer រកមើលថាតើគាត់មានតួនាទីណាមួយនៅក្នុងរឿងនេះ ឬទំនាក់ទំនងណាមួយចំពោះរឿងនេះ ហើយសង្ឃឹមថាវានឹងនាំពួកយើងក្នុងទិសដៅដើម្បីកំណត់ពីអ្វីដែលបានកើតឡើងនៅទីនេះ និងមូលហេតុ»។
ប៉ូលីសរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ចេញរូបថតរបស់ជនសង្ស័យ Raymond Spencer នៅលើគណនី Twitter របស់ពួកគេ។
ប៉ូលិសមិនបានបញ្ជាក់ពីលក្ខណៈនៃការបង្ហោះទាំងនោះទេ។ ប៉ុន្តែបុគ្គលម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជា Raymond Spencer បានបង្ហោះសារជាបន្តបន្ទាប់នៅក្នុងវេទិកាអនឡាញ 4Chan ជាមួយនឹងវីដេអូដែលបង្ហាញឱ្យឃើញពីការបាញ់កាំភ្លើងចេញពីចំណុចកញ្ចក់នៃបង្អួចជាន់ខាងលើ ដោយមានស្លាកសរសេរខុសថា "Shool Shoot!"
ប៉ូលិសបានបញ្ជូនមនុស្ស ៣នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានបុរសអាយុ ៥៤ឆ្នាំម្នាក់ និងស្ត្រីម្នាក់អាយុ ៣០ឆ្នាំរបួសធ្ងន់ និងក្មេងស្រីអាយុ ១២ឆ្នាំម្នាក់របួសដៃ។
អភិបាលក្រុង Washington DC លោក Muriel Bowser បាននិយាយថា ការបាញ់ប្រហារនេះគឺជាឧទាហរណ៍មួយទៀតនៃតម្រូវការសម្រាប់វិធានការត្រួតពិនិត្យកាំភ្លើងដ៏តឹងរ៉ឹង។
លោកថា៖ «យើងបានជួបប្រទះរឿងនេះច្រើនពេកក្នុងប្រទេសរបស់យើង ការរីករាលដាលនៃអំពើហិង្សាដោយកាំភ្លើង ការងាយស្រួលក្នុងការប្រើអាវុធត្រូវបញ្ឈប់»។
លោក Bowser បាននិយាយថា មនុស្សមិនគួរភ័យខ្លាចនាំកូនទៅសាលាទេ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ Reuters និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាពួកគេបានឮការផ្ទុះអាវុធនៅក្នុងសង្កាត់ Van Ness ដ៏ធំទូលាយនៃភាគពាយព្យនៃរដ្ឋធានីវ៉ាស៊ីនតោនដែលនៅជាប់នឹងសាលា Edmund Burke។
បុរសម្នាក់បានប្រាប់ស្ថានីយទូរទស្សន៍ WUSA-TV ថាគាត់បានឮការបាញ់ប្រហារយ៉ាងរហ័សក្នុងរយៈពេលប្រហែលមួយនាទី បន្ទាប់មកបានឃើញស្ត្រីម្នាក់រត់ចេញពីអគារដែលហាក់ដូចជាត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង ហើយតាមពីក្រោយដោយបុគ្គលផ្សេងទៀតដែលរងរបួសជាក់ស្តែង។
អាជ្ញាធរបាននិយាយថា ពួកគេមិនបានដឹងពីមូលហេតុដែលនាំឱ្យមានការបាញ់ប្រហារនេះទេ។
ជំនួយការប្រធានប៉ូលីស DC លោក Emerman បាននិយាយថា ប៉ូលីសត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនដៃដល់ ហើយបុគ្គលជាច្រើននាក់ដែលបានឃើញរត់ចេញពីកន្លែងកើតហេតុ ត្រូវបាននាំខ្លួនមកសាកសួររយៈពេលខ្លី ទោះបីជាគ្មាននរណាម្នាក់ត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធក៏ដោយ៕