ចក្រភពអង់គ្លេស៖ កម្មវិធីណាត់ជួបរកដៃគូ (Dating App) ល្បីៗនៅអង់គ្លេស បានចាប់ផ្តើមយុទ្ធនាការមួយដោយលើកទឹកចិត្តឱ្យមនុស្សពេញវ័យដែលមានអាយុក្មេងៗ មកទទួលវ៉ាក់សាំង ដោយលើកទឹកចិត្តឱ្យពួកគេបង្ហោះពាក្យថា "ខ្ញុំបានទទួលការចាក់វ៉ាក់សាំងរួចរាល់" (I got my Shot) នៅលើប្រូហ្វាល់របស់ពួកគេ។
អគ្គនាយកដ្ឋានផ្នែកសុខភាពរបស់រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា នៅក្នុងភាពជាដៃគូរបស់រដ្ឋាភិបាល សហការជាមួយនឹងកម្មវិធីណាត់ជួប (Dating App) ល្បីៗដូចជា Tinder, Bumble និង Hinge ជាដើម បានដាក់ឱ្យប្រើប្រាស់នូវស្ទីគកឺរ (Sticker) ពិសេស សញ្ញាសម្គាល់ និងការបន្ថែមជូនជាច្រើនទៀតសម្រាប់ឱ្យអ្នកប្រើប្រាស់ (User) ទាំងឡាយណាដែលបានទទួលវ៉ាក់សាំងបង្ការ Covid-19 រួចរាល់។
កិច្ចសហការជាមួយនឹងកម្មវិធីណាត់ជួបទាំងនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់សុខាភិបាលរបស់អង់គ្លេសអះអាងថា វាជាការជំរុញចលនាចាក់វ៉ាក់សាំងឱ្យបានកាន់តែច្រើនថែមទៀត ជាពិសេសសម្រាប់មនុស្សពេញវ័យដែលមានអាយុក្រោម ៣០ឆ្នាំ។ ស្រដៀងគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានដាក់ចេញនូវយុទ្ធនាការលើកទឹកចិត្តឱ្យប្រជាជនចាក់វ៉ាក់សាំង ដោយសហការជាមួយកម្មវិធីណាត់ជួប (Dating App) ល្បីៗក្នុងប្រទេសដូចជា Tinder , OKcupid និង Plenty of Fish ជាដើម ដែលបានចាប់ផ្តើមតាំងពីខែឧសភាកន្លងទៅ។
គិតមកដល់ពេលនេះ ចក្រភពអង់គ្លេសមានមនុស្សច្រើនជាង ៤០លាននាក់ទទួលបានវ៉ាក់សាំងដូសទី១រួចរាល់ ក្នុងចំណោមនោះមានមនុស្សជាង ២៧លាននាក់បានទទួលវ៉ាក់សាំងរួចរាល់ទាំងពីរដូសតែម្តង៕