អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

បទយកការណ៍៖ ប្រជាពលរដ្ឋរអ៊ូរទាំរឿងសម្រាមនៅតំបន់ប្រឡាយបឹងត្របែក ខណៈអាជ្ញាធរស្នើឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា

ភ្នំពេញ៖ «ពិបាកខ្លាំងណាស់! ពិបាករឿងទឹកលិចហ្នឹងហ្មង! អត់មានទឹកប្រើស្អាត អត់មានកន្លែងចាក់សម្រាម ហើយកន្លែងនេះគ្មានអនាម័យទេ ពិបាកសព្វគ្រប់ហ្មង។ [...] បើសម្រាមវិញក្លិនស្អុយណាស់ ទ្រាំមិនបានទេ បើថាអ្នកមកលេងអីទ្រាំមិនបានទេបើយើងអ្នកធ្លាប់នៅវាមិនអីទេ។ បើពេលទឹកលិចម្ដងៗវិញ ខ្ញុំផ្ទះនៅខាងក្រោយលិចត្រឹមចង្កេះ»។

នេះជាការរៀបរាប់របស់អ្នកស្រី នង សាវី វ័យ ៦០ឆ្នាំ ជាពលរដ្ឋដែលរស់នៅក្បែប្រឡាយទឹកលូបឹងត្របែកដែលបានថ្លែងពីការលំបាកពេលដែលមានភ្លៀងម្ដងៗ ធ្វើឱ្យទឹកឡើងខ្លាំងនិងជះក្លិនស្អុយដោយសារសម្រាម។


សម្រាមដែលអណ្ដែតលើផ្ទៃប្រឡាយទឹកស្អុយបឹងត្របែកបានបង្កផលប៉ះពាល់ទៅលើជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់ប្រជាជនដែលរស់នៅតំបន់នោះ។ ប៉ុន្តែទោះបីជាមានផលប៉ះពាល់បែបនេះក្ដី ពួកគាត់នៅតែបន្តរស់នៅក្នុងតំបន់ទឹកស្អុយនេះដោយសារបញ្ហាជីវភាព។

បើមើលពីលើអាកាសមក នោះគេនឹងឃើញសម្រាមសៗ បណ្ដែតដេរដាសលើផ្ទៃទឹកពណ៌ខ្មៅក្នុងប្រឡាយទឹកស្អុយបឹងត្របែក ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញដែលជះក្អិនមិនល្អដល់ប្រជាពលរដ្ឋរស់នៅនិងឆ្លងកាត់តំបន់នោះ។ មិនតែប៉ុណ្ណោះ សម្រាមទាំងនោះ បានបង្កកកស្ទះទឹកមិនឲ្យហូរបានទាន់នៅពេលមានភ្លៀងធ្លាក់ម្ដងៗដែលបណ្ដាលឲ្យតំបន់នេះ ទទួលការលិចលង់ក្រោមជំនន់ទឹកភ្លៀងផងដែរ។

អ្នកស្រី នង សាវី ថាអ្នកស្រីបានមករស់នៅទីនេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយមានមុខរបរជាជាងខាត់តុ ទូ ក្នុងរោងសិប្បកម្មឈើមួយកន្លែងដែលនៅក្បែរនោះ។ អ្នកស្រីថា ក្លិនស្អុយចេញពីប្រឡាយបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកស្រី និងក្រុមគ្រួសារ។

អ្នកស្រីបន្ថែមថា រាល់ពេលមានភ្លៀងធ្លាក់នៅក្នុងរាជធានីភ្នំពេញម្ដងៗ តែងមានជំនន់ទឹកភ្លៀងកើនឡើង ដែលបណ្ដាលមកពីកកស្ទះសម្រាមដែលអណ្ដែតនៅក្នុងបឹង ដែលធ្វើឲ្យផ្លូវលំនានានៅទីនោះ លិចក្រោមទឹកស្អុយ មិនអាចធ្វើដំណើរបាន។

អ្នកស្រីបានឲ្យដឹងទៀតថា រាល់ពេលមានជំនន់ម្ដងៗ អាជ្ញាធរមូលដ្ឋានបានយកម៉ាស៊ីនមកបូមទឹកទាំងនោះចេញដោយត្រូវចំណាយពេលវេលាកន្លះថ្ងៃ ឬពេញមួយថ្ងៃទម្រាំបូមអស់។

ប្រជាពលរដ្ឋម្នាក់ទៀតដែលនៅក្បែរនោះ គឺអ្នកស្រី ណឹង ស៊ុង អាយុ ៥០ឆ្នាំ បានឲ្យដឹងថា អ្នកស្រីរស់នៅទីនេះជិត ២០ឆ្នាំមកហើយ ដោយមានមុខរបរជាអ្នកលក់ចាប់ហួយបន្តិចបន្តួច។ អ្នកស្រីថា អ្នកស្រីសុខចិត្តទ្រាំរស់នៅទីនេះ ដោយសារគ្មានលទ្ធភាពទៅរស់នៅកន្លែងមានបរិស្ថានស្អាត ព្រោះមានតម្លៃថ្លៃ។


អ្នកស្រីបន្តថា ការរស់នៅទីនេះគឺត្រូវទ្រាំជាមួយក្លិនស្អុយ ជាពិសេសគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំង ផ្ទះអ្នកស្រីគឺត្រូវលិចទឹកដល់ទៅពាក់កណ្ដាលចង្កេះឯណោះ។

អ្នកស្រីរៀបរាប់ថា នៅពេលផ្ទះអ្នកស្រីលិចម្ដងៗ គឺត្រូវរើសម្ភារៈ និងឥវ៉ាន់ផ្សេងៗទៅទុកនៅកន្លែងខ្ពស់ និងមិនអាចដេកបានឡើយនៅពេលយប់ ពោលគឺត្រូវរង់ចាំទឹកស្រកទៅវិញ។

អ្នកស្រីនិយាយថា៖ «ដល់ពេលលិចមកមិនបានសម្រាន្តទេ ទម្រាំតែបានស្រកទៅវិញ។ បញ្ហាហ្នឹងកើតយូរហើយ តាំងពីមកនៅហ្នឹងលិចរហូត គ្រាន់តែថាលិចបានមួយថ្ងៃក៏ស្រកទៅវិញអញ្ចឹងទៅ បើកាលមុនពីរថ្ងៃបានស្រក។ [...] ទឹកស្អុយពេលភ្លៀងវាហូរមកក្លិនសុទ្ធតែភក់ស្អុយ។ វាប៉ះពាល់ប៉ុន្តែយើងចេះតែការពារខ្លះទៅ សម្អាតខ្លួនឯងខ្លះទៅ ចុះបើយើងរស់នៅកន្លែងស្អុយហើយ យើងមិនចេះសម្អាតខ្លួន។ ចេះតែសម្អាតខ្លះទៅកុំឲ្យវាមានជំងឺអញ្ចឹងណា។ ចេះតែទ្រាំអញ្ចឹងទៅ បើយើងអត់លុយ ទៅជួលកន្លែងស្អាតក៏យើងគ្មានលុយឲ្យគេដែរ អញ្ចឹងចេះតែនោទៅ»។

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី ហ៊ួ ស៊ីលន វ័យ ៦០ឆ្នាំក៏មានការលើកឡើងស្រដៀងគ្នានេះដែរ។ អ្នកស្រីបានឲ្យដឹងថា ចាប់តាំងពីអ្នកស្រីមករស់នៅប្រឡាយទឹកលូបឹងត្របែកនេះ តាំងពីឆ្នាំ១៩៨១មក គឺតែងតែមានជំនន់ដោយសារទឹកភ្លៀងជារៀងរាល់ឆ្នាំ។


អ្នកស្រីថា បញ្ហាទឹកលូមិនសូវជាមានបញ្ហាដូចជាបញ្ហាសម្រាមនោះទេ ដោយមើលឃើញថាបញ្ហាដែលកើតឡើងគឺដោយសារកង្វះការទទួលខុសត្រូវលើសម្រាមរបស់ពលរដ្ឋ។

អ្នកស្រីនិយាយថា៖ «វាពិបាកគឺពិបាកថាពេលខែវស្សាទឹកលិច។ សម្រាមមានឡានគេមកយកដែរ តែជួនកាលមានគេនៅម្ដុំនេះបោះចូលលូអញ្ចឹងទៅ ជួនកាលមានគេបោះមកពីខាងលើ (ក្នុងក្រុងភ្នំពេញ) ខ្លះអញ្ចឹងទៅ វាគួបផ្សំគ្នា។ តែបើថាខែវស្សាទឹកលិចនោះវាមហាសែនលិចហើយ»។

អ្នកស្រីបានឲ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនសូវមានការជន់លិចខ្លាំងដូចកាលពីមុននោះឡើយ ព្រោះមានអាជ្ញាធរបូមទឹកចេញ ដោយមិនបណ្ដោយយូរនោះទេ រួមជាមួយការមិនសូវមានសម្រាមមកកកស្ទះច្រើនដូចពីមុន។

ស្ថាបនិកក្រុមយុវជនសម្រាមលោក សាន តារាវីដ បានឲ្យដឹងថា សម្រាមដែលបណ្ដែតនៅក្នុងប្រឡាយទឹកស្អុយបឹងត្របែកគឺមានប្រភពមកពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយលូជាង ២គីឡូម៉ែត្រនោះ មិនបានទុកដាក់ឲ្យបានត្រឹមត្រូវ និងអ្នកខ្លះនៅតែមានទម្លាប់បោះសំរាមចូលទៅក្នុងប្រឡាយលូនោះ។


លោកនិយាយថា៖ «ភាគច្រើនអ្នកនៅផ្ទះជាប់ប្រឡាយលូហ្នឹង គឺគាត់បោះចូល ហើយខ្លះក៏ហូរទៅ ខ្លះនៅកកស្ទះ អញ្ចឹងទៅវាហូរទៅចុងប្រឡាយ ដែលមានប្រជាពលរដ្ឋរស់នៅមានខ្ទមតូចៗហ្នឹង»។

លោកបន្តថា ប្រជាពលរដ្ឋដែលមានផ្ទះស្ថិតនៅចុងប្រឡាយបឹងត្របែកនេះ ភាគច្រើនជាប្រជាពលរដ្ឋក្រីក្រ ព្រមទាំងជាកន្លែងមានបទល្មើសគ្រឿងញៀនក៏ដូចជាល្បែងស៊ីសងផងដែរ។

លោកសំណូមពរឲ្យអាជ្ញាធរគួរមានវិធានការរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថាននៅតំបន់នោះ ដោយជម្លៀសប្រជាពលរដ្ឋនិងផ្ដល់កន្លែងរស់នៅសមរម្យណាមួយដល់ពួកគាត់។

អ្នកជំនាញ និងស្រាវជ្រាវសុខភាពសាធារណៈ លោក អ៊ី លីម៉ា បានឲ្យដឹងថាការរស់នៅក្នុងមជ្ឈដ្ឋានដែលមានសម្រាម ទឹកកខ្វក់ និងមានក្លិនស្អុយ អាចធ្វើឲ្យមានផលប៉ះពាល់ចំពោះសុខភាពដូចជា ជំងឺរលាកផ្លូវដង្ហើម រលាកសួត ឬរលាកទងសួត អាឡាក់ហ្សីស្បែក និងអាចឈានទៅដល់ការកើតជំងឺមហារីកស្បែក។


លោកនិយាយថា៖ «តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា នៅពេលដែលមានការរស់នៅនៅតំបន់មានការបំពុលទឹក ជាពិសេសចង់សំដៅទៅកាន់ទឹកស្អុយហ្នឹង ចាប់ពីរយៈពេលបីខែឡើងទៅ គឺប៉ះពាល់ដូចគ្នាទាំងអស់ ហើយប្រសិនបើពួកគាត់រស់នៅមុនហ្នឹង អ្នកដែលប្រឈមទៅហ្នឹងហានិភ័យគឺមានកូនក្មេង មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ»។

លោកយល់ឃើញថា ដើម្បីកាត់បន្ថយ និងលុបបំបាត់បញ្ហាទាំងអស់នេះបាន លុះត្រាតែប្រជាពលរដ្ឋខ្លួនឯងផ្ទាល់មានការយល់ដឹងអំពីបញ្ហាបរិស្ថាន និងបញ្ហសុខភាព ដោយមានការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងចេះថែរក្សាសុខភាពនិងអនាម័យនៅក្នុងមូលដ្ឋាន។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់មកកាន់សារព័ត៌មាន EAC News ថា ដើម្បីកែប្រែស្ថានភាពបរិស្ថាននៅតំបន់ប្រឡាយលូបឹងត្របែកនេះឱ្យបានល្អប្រសើរ លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ដោយឈប់បោះសម្រាមចោលផ្ដេសផ្ដាសតែប៉ុណ្ណោះ។ លោកបន្តថា ការអនុវត្តនូវច្បាប់បរិស្ថានឱ្យបានហ្មត់ចត់ក៏ជាការចូលរួមនៅក្នុងកិច្ចការងារនេះដែរ។


លោកនិយាយថា៖ «មានតែការផាកពិន័យតឹងរ៉ឹងចំពោះអ្នកបោះចោលសម្រាមផ្ដេសផ្ដាសហ្នឹង មានតែការអនុវត្តច្បាប់បរិស្ថានហ្នឹងឲ្យតឹងតែងទេ ទើបអាចធ្វើកិច្ចការងារនេះបាន»។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រទេសកម្ពុជាបានបង្កើតសំរាមជាង ១០ ០០០តោនជារៀងរាល់ថ្ងៃ ហើយមានតែសំរាមប្រមាណ ៥០ភាគរយប៉ុណ្ណោះដែលត្រូវបានប្រមូលទៅដាក់កន្លែងចាក់សំរាម ខណៈសំរាមដែលសេសសល់ទាំងប៉ុន្មានត្រូវបានបោះចាលតាមដងផ្លូវ ក្នុងទឹក ឬដុតចោលជាដើម។

រាជធានីភ្នំពេញទើបដាក់សម្ភោធជាផ្លូវការនូវគម្រោងការពារទឹកជំនន់និងកែល្អប្រព័ន្ធប្រឡាយលូជំហានទី៤ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគម្រោងនេះនឹងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនពីជំនន់ទឹកភ្លៀងនិងការស្ទះលូរំដោះទឹក។

សមិទ្ធផលថ្មីក្នុងគម្រោងនេះនឹងជួយរំដោះពីការជន់លិចដោយសារទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ កាត់បន្ថយរយៈពេលនៃការជន់លិចយូរ និងជាយន្តការឆ្លើយតបនឹងអនាម័យសាធារណៈផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ប្រព័ន្ធរំដោះទឹកនេះ គឺដើម្បីដោះស្រាយនឹងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលធ្លាប់ទទួលការរំខានដោយសារជំនន់ទឹកភ្លៀងកន្លងមក។

សម្ដេចថ្លែងថា៖ «គម្រោងទាំងឡាយដែលបានធ្វើសម្រាប់រាជធានីភ្នំពេញ គឺពិតមែនថាអស់លុយច្រើន ប៉ុន្តែវាក៏បានផ្ដល់ផលប្រយោជន៍ច្រើនណាស់ដែរសម្រាប់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅផ្នែកខាងក្រោមនៃដងទន្លេរបស់យើង នោះនៅត្រង់ថា វាបានបញ្ចៀសនូវជំនន់ទឹកភ្លៀង ដែលជានិច្ចជាកាលគឺវាផ្ដល់នូវការខូចខាតនិងបង្កជាការរំខានទៅដល់ប្រជាជន»៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក