ប៉េកាំង៖ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា តុលាការចិនបានកាត់ទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់គឺលោក Shadeed Abdulmateen កាលពីថ្ងៃព្រហស្បតិ៍ ពីបទមនុស្សឃាតដោយចេតនាលើស្ត្រីអាយុ ២១ឆ្នាំដែលជាអតីតមិត្តស្រីរបស់គាត់ ។
នៅក្នុងសាលក្រម តុលាការប្រជាជនកម្រិតមធ្យម Ningbo ក្នុងខេត្ត Zhejiang បានរកឃើញថា បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើការបែកបាក់របស់អ្នកទាំងពីរក្នុងខែមិថុនា ឆ្នាំ២០១៩ ចុងចោទបានណាត់ជួប និងនិយាយជាមួយជនរងគ្រោះ ឈ្មោះ Chen នៅចំណតរថយន្តក្រុងក្នុងទីក្រុង Ningbo មុនពេលសម្លាប់នាងជាមួយនឹង «កាំបិត»។
តុលាការបានចាត់ទុកថា ការសម្លាប់ជាការសងសឹកដោយគិតទុកជាមុនរបស់ចុងចោទ ដោយបានចាក់ករបស់ Chen ជាច្រើនកាំបិត បណ្ដាលឱ្យ Chen ស្លាប់ដោយចេតនាតាំងចិត្ត និងមធ្យោបាយដ៏ឃោរឃៅ ហើយគួរតែទទួលទោសទៅតាមច្បាប់។
មន្ត្រីម្នាក់នៅក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងតាមដានបញ្ហានេះ ប៉ុន្តែនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ដោយសារតែការពិចារណាលើឯកជនភាព៕