ជប៉ុន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ព្រលានយន្តហោះ Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន នៃព្រះរាជាណាចក្រជប៉ុន ហើយនារសៀលម៉ោងប្រមាណ ២និង១៥នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៤។ តាមគម្រោងសម្ដេចតេជោ ក្រៅពីចូលរួមកិច្ចប្រជុំនេះ នឹងមានជំនួបនិងកិច្ចប្រជុំជាច្រើនសម្ដេចត្រូវធ្វើនោះទីនោះដើម្បីជាប្រយោជន៍ដល់ជាតិប្រជាជនបន្ថែមទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នឹងមានវត្តមាននៅប្រទេសជប៉ុនរយៈពេល ២ថ្ងៃ ខណៈសម្ដេចនឹងត្រលប់មកវិញនាថ្ងៃទី២៤ ខែមេសា ខាងមុខ។
ក្នុងពេលសម្ដេចមានវត្តមាននៅទីក្រុង Kumamoto ក្រៅពីចូលរួមបើកនិងប្រជុំស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ សម្ដេចក៏មានទទួលជួបនាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រីជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនផងដែរ។
សម្ដេចតេជោក៏នឹងទទួលទានអាហារពេលល្ងាចជាមួយនាយរដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ផងដែរ។
នាថ្ងៃអាទិត្យទី២៤ ខែមេសា ពេលព្រឹកព្រលឹមសម្តេចតេជោនឹងធ្វើមាតុភូមិនិវត្តន៍ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញនៅម៉ោងប្រហែល ១រសៀល៕