ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាកម្ពុជា-ឥណ្ឌា រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិសភាលើផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា លោក អំ បឺរឡា (Om Birla) បានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទំាងក្នុងក្របខណ្ឌទ្វេភាគីនិងអន្តរជាតិ។ ភាគីទាំងពីរបានប្តេជ្ញាផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទាំងពីរ។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងកំលុងពេលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អំ បឺរឡា នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចពញាចក្រី ហេង សំរិន និងលោក អំ បឺរឡា (Om Birla) នៅព្រឹកនេះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឥណ្ឌា បានសម្តែងក្តីសប្បាយរីករាយជាទីបំផុតចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ជាប្រវត្តិសាស្រ្តនៅក្នុងរយៈពេល៧០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។

ក្នុងជំនួបនោះផងដែរសម្ដេចពញាចក្រី ហេង សំរិន ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាឥណ្ឌា នាពេលនេះបានផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅ។

សម្តេចពញាចក្រីបានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជាបានបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។

រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង១០០ប្រទេសនៅលើសកលលោក ក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ក្នុងជំនួបនោះលោក អំ បឺរឡា បានសម្តែងការគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា តាមរយៈការជួបសន្ទនាជាទៀងទាត់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឱ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា និងឥណ្ឌាកាន់តែស៊ីជម្រៅ។ លោកបានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាបានឱ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងជាមួយកម្ពុជា ដោយបានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

លោកក៏បានគោរពអញ្ជើញសម្តេចពញាចក្រី ហេង សំរិន ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលខាងមុខផងដែរ។ សម្តេចពញាចក្រី ហេង សំរិន បានទទួលសំណើនេះ និងបានគោរពអញ្ជើញគណៈប្រតិភូសភាឥណ្ឌាមកចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខក្នុងនាមជាសភាសង្កេតការណ៍ផងដែរ។

ក្នុងជំនួបនេះសម្តេចពញាចក្រីបានស្នើសុំភាគីឥណ្ឌាឱ្យពន្លឿនដល់ការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា-ឥណ្ឌា បន្តគំាទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារនោះ។

ឯកឧត្តម អំ បឺរឡា បានទទួលសំណើរបស់សម្តេចប្រធានរដ្ឋសភា និងសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេចតាមរយៈឯកអគ្គរដ្ឋទូតប្រចំានៅកម្ពុជានាពេលក្រោយទៀត។

ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើនទេដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានបើកស្ថានទូតនៅកម្ពុជានាឆ្នាំ១៩៨១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក