ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសជប៉ុននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៤ នៅទីក្រុង Kumamoto។ តាមគម្រោងសម្ដេចតេជោ ក្រៅពីចូលរួមកិច្ចប្រជុំនេះ នឹងមានជំនួបនិងកិច្ចប្រជុំជាច្រើនសម្ដេចត្រូវធ្វើនោះទីនោះដើម្បីជាប្រយោជន៍ដល់ជាតិប្រជាជនបន្ថែមទៀតផងដែរ។
បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរ៉ុង្គ បានឱ្យដឹងថា រយៈពេល ២ថ្ងៃ នៃកិច្ចប្រជុំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោមានកម្មវិធីជាច្រើន ដោយចាប់ពីព្រលឹមថ្ងៃទី២៣ ខែមេសា សម្ដេចមានជំនួបទ្វេរភាគីជាមួយនឹងនាយករដ្ឋមន្ត្រីឡាវតាមសំណើររបស់ភាគីឡាវ បន្ទាប់មកសម្តេចតេជោ និងគណៈប្រតិភូនឹងចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤។
នៅវេលាថ្ងៃត្រង់បន្ទាប់ពីបញ្ចប់ពិធីបើក សម្ដេចតេជោនឹងបន្តពិសារអាហារថ្ងៃត្រង់ជាមួយថ្នាក់ដឹកនាំប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយរសៀលថ្ងៃទី២៣ ខែមេសាដដែល សម្ដេចនឹងអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃវេទិកាបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤។
បន្ទាប់ពីបញ្ចប់កិច្ចជំនួបពិភាក្សា សម្តេចនឹងដឹកនាំគណៈប្រភិភូជួបជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន ហើយក៏នឹងជួបជាមួយនឹងតំណាងក្រុមហ៊ុនក្រុមហ៊ុន Mitsubishi និងក្រុមហ៊ុនផ្សេងទៀតរបស់ជប៉ុនដើម្បីប្រាប់ពីសក្ដានុពល និងឱកាសនៃការវិនិយោគនៅកម្ពុជាផងដែរ។
លោកស្រ៊ី ថាមរ៉ុង្គ ថា៖ «ក្រុមហ៊ុននេះ (Mistubishi) កំពុងមានគម្រោងវិនិយោគជាច្រើននៅកម្ពុជា។ ហើយបន្ទាប់មកអភិបាលក្រុង Kumamoto នឹងដឹកនាំក្រុមហ៊ុនចំនួន ៨ ដែលមានទីតាំងនៅទីក្រុង Kumamoto ចូលជួបសម្តែងការគួរសម នឹងស្វែងយលនូវការវិនិយោគ និងឱកាសនៅកម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន នឹងបន្តជួបនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ក្នុងពិធីទទួលទានអាហារពេលល្ងាចដែលត្រូវបានរៀបចំជាពិសេសពីនាយករដ្ឋមន្ត្រីជប៉ុនជូនដល់សម្ដេចតេជោផងដែរ។
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ ការរៀបចំអាហារពេលល្ងាចជូនសម្ដេចតេជោនេះគឺដើម្បីអរគុណដល់សម្ដេចដែលបានចូលរួមវេទិកាទឹក និងអរគុណសម្ដេចតេជោ ក៏ដូចជាប្រជាជនកម្ពុជាក្នុងឱកាសដែលនាយករដ្ឋមន្រ្តីជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បានដោយជោគជ័យកាលពីចុងខែមីនាផងដែរ។
នាថ្ងៃអាទិត្យទី២៤ ខែមេសា ពេលព្រឹកព្រលឹមសម្តេចតេជោនឹងធ្វើមាតុភូមិនិវត្តន៍ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញនៅម៉ោងប្រហែល ១រសៀល៕
PHOTO: EAC NEWS