BREAKING NEWS: មន្ត្រីនគរបាល ២នាក់បាត់បង់ជីវិតក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនក្នុងខេត្តកណ្ដាល
កណ្ដាល៖ មន្ត្រីនគរបាល ២នាក់ត្រូវជនល្មើសបាញ់ស្លាប់ និងរបួសម្នាក់ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា នៅក្នុងភូមិទួលព្រិច ស្រុកអង្គស្នូល ខេត្តកណ្តាល ដែលបណ្ដាលឲ្យមន្រ្តីនគរបាលចំនួន ២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់ទៀតរបួសធ្ងន់។
អធិការស្រុកអង្គស្នួល នៃខេត្តកណ្ដាល លោកវរៈសេនីយ៍ឯក មាន សំណាង បានបញ្ជាក់ថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមានឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល និងឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នួល។
លោកបន្តថា មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម ៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ៕