អន្តរជាតិ៖ មន្ត្រីសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បាននាំគ្នាដើរចេញពេលដែលតំណាងរុស្ស៊ីឡើងថ្លែងក្នុងកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុប្រទេសដែលមានសេដ្ឋកិច្ចធំទាំង២០ របស់ពិភពលោក ទោះជាយ៉ាងណាប្រធានកិច្ចប្រជុំថាសកម្មភាពនេះមិនបានបង្អាក់ការផ្តោតអារម្មណ៍របស់កិច្ចប្រជុំនោះទេ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី Sri Mulyani Indrawati ដែលធ្វើជាប្រធានការជួបជុំក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការដើរចេញក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលនៃក្រុមទាំង២០គឺ «មិនមែនជាការភ្ញាក់ផ្អើលទាំងស្រុង» ហើយក៏មិនរំខានដល់ការពិភាក្សាទូលំទូលាយរបស់ក្រុមនោះទេ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី SRI MULYANI INDRAWATI មានប្រសាសន៍ថា៖ «សមាជិកទាំងអស់មើលឃើញថា G20 គឺជាវេទិកាដ៏សំខាន់មួយ ដែលជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដំបូងគេសម្រាប់ពួកយើងដើម្បីពិភាក្សាទាំងផ្នែកហានិភ័យ ក៏ដូចជារបៀបដែលយើងគួរសម្របសម្រួល និងសហការជាមួយគ្នា។ ខ្ញុំគិតថា នោះគឺជាអ្វីដែលត្រូវបានគេបង្ហាញយ៉ាងខ្លាំងក្នុងពេលប្រជុំ។ ដូច្នេះខ្ញុំមានទំនុកចិត្តថា [ការដើរចេញពីសមាជិកមួយចំនួន] នឹងមិនបំផ្លាញកិច្ចសហប្រតិបត្តិការ ក៏ដូចជាតួនាទីរបស់វេទិកា G20»។
លោកបន្ថែមថាបញ្ហានៅពេលនេះគឺពិតជាយ៉ាប់យ៉ឺន និងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដោយសារជំងឹកូវីដ-១៩ នៅមិនទាន់ចប់ ហើយពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានកើតឡើងទៀត។
លោកថា៖ «សមាជិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិមនុស្សធម៌ ផលប៉ះពាល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសង្រ្គាម ហើយបានអំពាវនាវឱ្យបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សមាជិកជាច្រើនបានថ្កោលទោសសង្រ្គាមនេះថាមិនមានការបង្កហេតុ និងមិនសមហេតុផល និងជាការបំពានច្បាប់អន្តរជាតិ»។
ប្រទេសដែលជាសមាជិក G20 មកពីក្រុមប្រទេសលោកខាងលិចបានចោទប្រកាន់ទីក្រុងមូស្គូពីឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ទោះជាយ៉ាងណាប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងអាហ្វ្រិកខាងត្បូង ដែលជាសមាជិកដែលនោះមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះនេះទេ។
លោកស្រី Indrawati បាននិយាយថា ប្រទេសជាច្រើនបាននិយាយប្រឆាំងនឹងសង្រ្គាមនៅក្នុងកិច្ចប្រជុំនេះ ទោះបីជាលោកស្រីមិនបានកំណត់អត្តសញ្ញាណពួកគេក៏ដោយ។
ប្រជាជនអ៊ុយក្រែនជាងប្រាំលាននាក់បានភៀសខ្លួនទៅក្រៅប្រទេសចាប់តាំងពីរុស្ស៊ីបានឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥ ។
សហរដ្ឋអាមេរិកបានចោទរុស្ស៊ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមក្នុងអ្វីដែលក្រុងម៉ូស្គូហៅថាជា «ប្រតិបត្តិការយោធាពិសេស» ទោះជាយ៉ាងណារុស្ស៊ីបដិសេធការចោទប្រកាន់នេះ។