អ៊ុយក្រែន៖ មេបញ្ជាការទ័ពជើងទឹកអ៊ុយក្រែននៅទីក្រុង Mariupol លោក Serhiy Volyna និយាយថា កងទ័ពរបស់គាត់ប្រហែលមិនអាចទប់ទល់នឹងទ័ពរុស្ស៊ីបានច្រើនម៉ោងទៀតទេ ខណៈដែលពួកគេពេលនេះកំពុងព្យាយាមជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ជាំង៦ពាន់ចេញពីទីក្រុង។
នៅក្នុងវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិតកាលពីថ្ងៃពុធ មេបញ្ជាការកងពលតូចសមុទ្រទី៣៦ របស់អ៊ុយក្រែន លោក Serhiy Volyna ដែលនៅតែប្រយុទ្ធនៅទីក្រុង Mariupol បានជំរុញសហគមន៍អន្តរជាតិឱ្យជួយជម្លៀសយុទ្ធជនអ៊ុយក្រែនដែលរងរបួស និងក្រុមគ្រួសាររបស់ពួកគេ។
លោកនិយាយថា ពេលនេះកម្លាំងរបស់លោកបានត្រឹមការពាររោងចក្រ Azovstal មួយប៉ុណ្ណោះ ខណៈកម្លាំងរុស្ស៊ីវ៉ៃទាំងលើអាកាស កាំភ្លើងធំ រថក្រោះ និងទាហានជើងគោក។
លោកថា៖ «នេះអាចជាការអំពាវនាវចុងក្រោយនៃជីវិតរបស់យើង។ យើងប្រហែលជាកំពុងប្រឈមមុខនឹងថ្ងៃចុងក្រោយរបស់យើងប្រសិនបើមិនមែនម៉ោងបន្ថែម។ ខ្មាំងសត្រូវមានចំនួនច្រើនជាងយើងដល់ទៅ១០ដង ដែលមានទាំងលើអាកាស កាំភ្លើងធំ កងកម្លាំងរបស់ពួកគេនៅលើដី គ្រឿងបរិក្ខារ និងក្នុងរថក្រោះ»។
លោកបានអំពាវនាវឱ្យមេដឹកនាំពិភពលោកទាំងអស់ឱ្យជួយដល់ទាហានដែលបានរបួស និងជនស៊ីវិលដែលជាប់ជាមួយពួកគេបានចេញទៅទឹកដីសុវត្ថិភាពផង។
Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវវីដេអូដែលបានបង្ហោះនៅលើTelegramនេះបានទេ។
រុស្ស៊ីបានដាក់ឱសានុវាទចំពោះកងទ័ពអ៊ុយក្រែននៅទីក្រុង Mariupol ឱ្យចុះចាញ់ ឬស្លាប់នៅពេលផុតកំណត់នៅរសៀលថ្ងៃពុធ។ ពួកគេបដិសេធចេតនាធ្វើសង្គ្រាមកំណត់គោលដៅជនស៊ីវិល។
ជនស៊ីវិលអាចរត់គេចខ្លួនទៅកាន់ផ្នែកផ្សេងទៀតនៃអ៊ុយក្រែនបាន តែនៅក្នុងយានជំនិះរបស់ពួកគេប៉ុណ្ណោះ ខណៈដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានរថយន្តក្រុងដឹកទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងអ្វីដែលទីក្រុងម៉ូស្គូហៅថាការជម្លៀសមនុស្សធម៌ ហើយទីក្រុង Kyiv ហៅថាការនិរទេសដោយបង្ខំដោយខុសច្បាប់៕