មូស្គូ៖ រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបឈ្មោះ Sarmat បានដោយជោគជ័យកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ថានឹងធ្វើឱ្យសត្រូវមានរឿងគិតបន្ថែមទៀតហើយ។
ទ័ពរុស្ស៊ីថាកាំជ្រួចនេះបាញ់ចេញពីទីក្រុង Plesetsk នៅភាគពាយ័ព្យប្រទេសនិងបានវាយប្រហារគោលដៅនៅឧបទ្វីប Kamchatka នៅតំបន់បូព៌ា។
លោកពូទីនដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋដោយហៅមន្ត្រីខ្លួនថា «សមមិត្តជាទីគោរព» និងបានចាត់ទុកភាពជោគជ័យនៃគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រសព្វាវុធទំនើបរបស់រុស្ស៊ីដោយថាជាសព្វាវុធទំនើបចុងក្រោយដែលសូម្បីតែខែលការពារអាកាសទំនើបបច្ចុប្បន្នក៏មិនចាប់បានដែរ។
លោកថា៖ «អាវុធដ៏ពិសេសនេះនឹងពង្រឹងសក្តានុពលប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ធានាបាននូវសុវត្ថិភាពរបស់រុស្ស៊ីពីការគំរាមកំហែងពីខាងក្រៅ និងផ្តល់ការគិតដល់អ្នកដែលកំពុងតែក្តៅក្រហាយនឹងវោហាសាស្ត្រឈ្លានពានព្យាយាមគំរាមប្រទេសយើង»។
Sarmat គឺជាមីស៊ីលផ្លោងអន្តរទ្វីបធុនធ្ងន់ថ្មីមួយ ដែលរុស្ស៊ីត្រូវបានគេរំពឹងថានឹងដាក់ពង្រាយជាមួយនឹងក្បាលគ្រាប់ចំនួន ១០ ឬច្រើននៅលើកាំជ្រួចនីមួយៗ នេះបើយោងតាមសេវាស្រាវជ្រាវសភាអាមេរិក។
វាស្ថិតក្រោមការអភិវឌ្ឍន៍អស់ជាច្រើនឆ្នាំ ដូច្នេះការបាញ់សាកល្បងរបស់វាមិនមែនជាការភ្ញាក់ផ្អើលសម្រាប់លោកខាងលិចនោះទេ ប៉ុន្តែវាកើតឡើងនៅពេលនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕