លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រសួងមុខងារសាធារណ៖ ប្រាក់ខែសម្រាប់ខែឧសភា ដល់មន្ត្រីរាជការត្រូវធ្វើឱ្យបានមុនដាច់ខែមេសា

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានប្រាប់ទៅកាន់ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ទាំងអស់ឱ្យរៀបចំបើកប្រាក់ខែសម្រាប់ខែឧសភា ដល់មន្ត្រីរបស់ខ្លួនឱ្យបានមុនដាច់ខែមេសា ឆ្នាំ២០២២នេះ។ ការប្រកាសរបស់ក្រសួងមុខងារសាធារណនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ បានថ្លែងបញ្ជាកាលពីព្រឹកថ្ងៃទី២០ ខែមេសា។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២០ ខែមេសា តែប៉ុន្មានម៉ោងក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានប្រាប់ដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ត្រូវរៀបចំបើកផ្ដល់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២២ អោយបានមុនដំណាច់ខែមេសា និងលើកទី២ អោយបានក្នុងសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២២ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន។

ចំពោះការបើកផ្ដល់ប្រាក់ខែមិថុនា ឆ្នាំ២០២២ គឺត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់តាមច្បាប់វិញ។

ការបើកផ្ដល់ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការមុនកំណត់នេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញដោយបញ្ជាទៅក្រសួងសេដ្ឋកិច្ចពិនិត្យលើលទ្ធភាពនេះព្រោះសម្ដេចយល់ថាមន្ត្រីរាជការបានចំណាយអស់ច្រើនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលទើបតែកន្លងផុតកាលពីសប្ដាហ៍មុន។

សម្ដេចតេជោថ្លែងថា៖ «ខ្ញុំសូមរម្លឹកទៅដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រហែលជាតម្រូវឱ្យមានការបើកផ្ដល់នូវប្រាក់សម្រាប់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឱ្យបានមុនកំណត់បានលឿនជាងមុនបន្តិច។ ដោយសារអី? ដោយសារលុយបើកមុនចូលឆ្នាំគាត់យកទៅចាយអស់ហើយ។ អញ្ចឹងបើកមុនបន្ដិចទៅវាអត់អីទេ»។

បន្ទាប់ពីផ្អាកចូលឆ្នាំខ្មែរចំនួន២ដងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញនៅឆ្នាំ២០២២នេះដែលមានពលរដ្ឋចេញដើរកម្សាន្តប្រមាណ ៥,១លាននាក់ តាមការប៉ាន់ស្មានរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងថា ការចំណាយរបស់ពលរដ្ឋក្នុងមួយគ្រួសារនៅពេលដើរកម្សាន្តក្នុងឆ្នាំថ្មីនេះមិនតិចជាង ៥០០ដុល្លារនោះទេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក