ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើដល់អភិបាលរាជធានី-ខេត្តទាំងអស់ក្រើនរម្លឹកដល់មន្ទីរសុខាភិបាលចំណុះរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួនឱ្យចាត់វិធានការរៀបចំការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបាន២៤ម៉ោង លើ២៤ម៉ោង ដោយថាដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ក្នុងលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកឡើងថាកន្លងមកក្រសួងសង្កេតឃើញថាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនតូចនៅមានការខ្វះខាតក្នុងការផ្ដល់សេវា ២៤ម៉ោង លើ២៤ម៉ោងនៅឡើយដែលប៉ះពាល់ដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដោយហេតុនេះលោកបានស្នើដល់រដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ពិនិត្យមើលករណីនេះឡើងវិញដោយត្រូវធ្វើបច្ចុប្បន្នភាពនិងតាមដានជាទៀងទាត់។
លោករដ្ឋមន្ត្រីថា៖ «ត្រូវធនាការផ្ដល់សេវា២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវានិងត្រូវបច្ចុប្បន្នផាពបញ្ជីឈ្មោះនិងលេខទូរស័ព្ទអ្នកប្រចាំការផ្ដល់សេវានៅតាមមូលដ្ឋានសុខភិបាលជាទៀងទាត់ បិទផ្សាយនៅកន្លែងផ្ដល់សេវារបស់ខ្លួន និងផ្ញើរមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តជាប់ជាប្រចាំ» ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ យល់ថា ជារឿងល្អដែលមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់បើកផ្ដល់សេវាជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង តែថាដើម្បីឱ្យការក្រើនរម្លឹកនេះមានប្រសិទ្ធភាពក្រសួងសុខាភិបាល ឬរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់គួរគិតគូរដល់អត្ថប្រយោជន៍ពេទ្យដែលយាមពេលយប់ ធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្ដៅក្នុងការធ្វើការនាពេលយប់ដែលធានាដល់សុវត្ថិភាពរបស់ពួកគាត់ផងដែរ។
លោកថា៖ «ខ្ញុំយល់ថា (សេចក្ដីប្រកាស) គ្រាន់តែជាការក្រើនរម្លឹកមួយតែក្រោយពីការក្រើនរម្លឹកនេះ ក្រសួងសុខាភិបាលគួរតែក្រឡេកមើលយន្តការរបស់ខ្លួនដែលមានស្រាប់ដូចជាអត្តប្រយោជន៍ដែលពេទ្យទទួលបាន ហើយថាតើទីតាំងមណ្ឌលសុខភាពនោះវាធ្វើឱ្យអ្នកគ្រូពេទ្យមានភាពកក់ក្ដៅធ្វើការនៅវេនយប់ដែរឬទេ?»
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលក្នុងឆ្នាំ២០១៧ កម្ពុជាមានមន្ទីរពេទ្យទាំងអស់ចំនួន១១៧មន្ទីរពេទ្យ ខណៈមណ្ឌលសុខភាពមានចំនួន ១ ១៩១នៅទូទាំងប្រទេស៕