ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការ Birdlife សាកល្បងជីកស្ដារត្រពាំងធម្មជាតិចំនួន១០នៅដែនជម្រកសត្វព្រៃលំផាត់

រតនគិរី៖ គម្រោងស្ដារត្រពាំងសាកល្បងចំនួន១០នៅក្នុងដែលជម្រកសត្វព្រៃលំផាត់ដែលធ្វើឡើងដោយអង្គការ Birdlife ត្រូវបានធ្វើឡើងដើម្បីសង្គ្រោះសត្វព្រៃ តាមរយៈការផ្ដល់ចំណី និងប្រភពទឹក ជាពិសេសគឺការរក្សាប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃនៅក្នុងរដូវប្រាំង។

ក្នុងឆ្នាំ២០២២នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) បានជីកស្តារត្រពាំងធម្មជាតិចំនួន១០ត្រពាំងក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងគោលបំណងសម្រាប់ការប្រើប្រាស់របស់សត្វនៅក្នុងរដូវប្រាំង។

ត្រពាំងគឺជាទីជម្រកដែលផ្តល់ចំណី និងទឹកសំរាប់សត្វជាច្រើនប្រភេទនៅក្នុងព្រៃរបោះ។ សត្វស្លាបទឹកជាច្រើនប្រភេទដូចជា ត្រយងយក្ស ត្រយងចង្កំកស ត្រដក ក្រៀល និងសត្វជាច្រើនទៀតពឹងផ្អែកលើត្រពាំងដើម្បីរកចំណី និងប្រភពទឹក។ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន ត្រពាំងជាច្រើនត្រូវបានគ្រប់ដណ្តប់ដោយស្មៅក្រាស់ៗ និងមួយចំនួនទៀតគោករាក់មិនអាចរក្សាទឹកបានយូរជាពិសេសនៅរដូវប្រាំងដែលបង្កផលប៉ះពាល់ដល់ការរស់នៅសត្វ។

អ្នកគ្រប់គ្រងកម្មវិធីរបស់អង្គការ BirdLife Cambodia លោក ប៊ូ វរសក្ស បានឱ្យEAC News ដឹងថាត្រពាំងសរុបនៅក្នុងដែនជម្រកសត្វព្រៃលំផាត់មានជាង២០០ត្រពាំង។ ប៉ុន្តែដោយសារស្ថិតនៅក្នុងគម្រោងសាកល្បង និងខ្វះខាតថវិកាផងនោះ អង្គការជ្រើសរើសតែ១០ត្រពាំងសិន។

លោកនិយាយថា៖ «យើងរើសចំនួន១០សិន គឺដោយសារទីមួយយើងមានថវិកាតិច ហើយទីពីរគឺជាគម្រោងសាកល្បង។ យើងចង់ដឹងថាតើវាជួយគាំទ្រទៅដល់សត្វព្រៃតាមអ្វីដែលយើងគិតដែរឬអត់? ដូចជារក្សាទឹកបានយូរ ហើយគម្របធម្មជាតិនៅលើត្រពាំងហ្នឹងវាស្រឡះដែលផ្ដល់ការអំណោយផលទៅដល់សត្វដែលរកចំណីហ្នឹងដែរឬអត់?»

លោកបន្តថា ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារកំពុងសិក្សាបន្ថែម និងរង់ចាំមើលលទ្ធផលនៅក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខ ដើម្បីសម្រេចបន្តនិងពង្រីកគម្រោងនេះតទៅទៀត។

លោកបន្ថែមថា៖ «បើសិនជាជោគជ័យទើបយើងពង្រីកចំនួនត្រពាំងកាន់តែច្រើនតទៅទៀត ប៉ុន្តែបើមិនជោគជ័យគឺយើងត្រូវរកមធ្យោបាយថ្មីបន្តទៅទៀត ក្នុងការត្រពាំងហ្នឹងឲ្យទៅជាត្រពាំងផ្ដល់ផលសមស្របទៅដល់សត្វព្រៃ»។

លោកបញ្ជាក់ផងដែរថា នៅក្នុងគម្រោងនេះគឺមានចូលរួមពីមន្ទីរបរិស្ថាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ព្រមទាំងមានការផ្សព្វផ្សាយទៅដល់អាជ្ញាធរ និងសហគមន៍នៅក្នុងមូលដ្ឋានដើម្បីឲ្យផ្ដល់ការគាំទ្រ និងកម្លាំងពលកម្មនៅក្នុងការជីកស្ដារត្រពាំងទាំងនោះ។

ការជីកស្តារត្រូវបានធ្វើឡើងដោយកំលាំងប្រជាពលរដ្ឋមូលដ្ឋាន ដោយជ្រើសរើសប្រជាពលរដ្ឋមូលដ្ឋានជាជាងការប្រើគ្រឿងចក្រ គឺដើម្បីផ្តល់ប្រាក់ចំណូលបន្ថែមជូនពួកគាត់ និងផ្សារភ្ជាប់ការងារអភិរក្សសត្វព្រៃជាមួយសហគមន៍។

បន្ទាប់ពីការជីកស្តារ ត្រពាំងទាំងអស់នេះនឹងត្រូវបានតាមដានកត់ត្រាពីកំរិតទឹក ស្ថានភាពរុក្ខជាតិ និងការប្រើប្រាស់របស់សត្វព្រៃ។

ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គីមហុង យល់ឃើញថាគម្រោងជីកស្ដារត្រពាំងនៅក្នុងដែនជម្រកសត្វព្រៃនេះ គឺជារឿងសំខាន់ និងចាំបាច់ ព្រោះវាបានជួយសង្គ្រោះជីវិតសត្វព្រៃពីការគ្មានចំណី និងជម្រក ជាពិសេសនៅក្នុងរដូវប្រាំង។ ម្យ៉ាងទៀត ការជីកស្ដារនេះក៏នឹងជួយធានាបានថាសត្វព្រៃទាំងអស់នឹងមិនផ្លាស់ប្ដូរទីជម្រកទៅកន្លែងដែលមានទឹក ដែលបណ្ដាលឲ្យមានការបាត់បង់សត្វតាមរយៈការបរបាញ់ និងគ្រោះថ្នាក់ផ្សេងៗ។

លោកបន្តថា៖ «នៅក្នុងការងារនេះវារឿងមួយសំខាន់ណាស់ ប្រសិនបើតំបន់នោះ គឺជាតំបន់ខ្វះទឹក ព្រោះយើងដឹងហើយថាសត្វវាត្រូវការទឹកសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់វាជាពិសេសនៅរដូវប្រាំង។ ប្រសិនបើគ្មានទឹកទេវានឹងមានការបម្លាស់ទី ឬទៅប្រមូលផ្ដុំនៅតំបន់ដែលមានទឹកនៅតំបន់ឆ្ងាយៗដែលធ្វើឲ្យប៉ះពាល់ទៅដល់សុវត្ថិភាពសត្វ» ។

លោកបង្ហាញការគាំទ្រក្នុងការពង្រីកវិសាលភាពគម្រោងនេះ ទៅកាន់តំបន់ដែនជម្រកសត្វព្រៃផ្សេងៗទៀត ដើម្បីជួយសង្គ្រោះជីវិតសត្វទាំងនោះ ពីភាពរាំងស្ងួតគ្មានទឹកនៅរដូវប្រាំង។

គួរឲ្យដឹងថា កម្ពុជាមានដែនជម្រកសត្វព្រៃនៅចំនួន១០នៅទូទាំងប្រទេស។ តំបន់ដែនជម្រកសត្វព្រៃសំដៅដល់តំបន់ក្នុងដែនដីគោក ឬដែនទឹក ដែលតម្រូវឱ្យមានការធ្វើអន្តរាគមន៍យ៉ាងសកម្ម សម្រាប់បំពេញគោលបំណងគ្រប់គ្រងដើម្បីធានាឱ្យមានការថែទាំទីជម្រក និងដើម្បីបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វឬរុក្ខជាតិ។ តំបន់នេះមានសារៈសំខាន់សំរាប់អ្នកទេសចរណ៍ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃផ្សេងៗនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក