ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាមានមូលហេតុ៦ចំណុចដែលអនុញ្ញាតឱ្យកម្ពុជាប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរដោយក្ដីរីករាយ។ កត្តាទាំង៦នោះរួមមាន សន្ដិភាព ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ ប្រាក់ចំណូលពលរដ្ឋ តំបន់ទេសចរណ៍ថ្មី និងការបង្កើតបានប្រព័ន្ធភាពស៊ាំសហគមន៍បានរឹងមាំ។
ថ្លែងក្នុងពិធីសម្ភោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធាន៏ភ្នំពេញជំហានទី៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកត្តាដែលធំជាងគេគឺសន្ដិភាពដែលធ្វើឱ្យពលរដ្ឋចេញដំណើរកម្សាន្តដោយគ្មានការភ័យខ្លាច ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាបានស្ទើរពេញប្រទេស ដែលធ្វើឱ្យពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរងាយស្រួលនិងទៅបានឆ្ងាយ ស្របនឹងកត្តាសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យពលរដ្ឋមានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការធ្វើដំណើរកម្សាន្តផងដែរ។
សម្ដេចតេជោថា៖ «មនុស្សម្នាក់ចាយលុយប៉ុន្មានជាមធ្យមភាគ ក្នុងការចាយប្រាក់តម្លៃសាំង តម្លៃស្នាក់នៅ ការទទួលទានក្នុង១ថ្ងៃអស់ប៉ុន្មាន? ៣ថ្ងៃហ្នឹងអស់ប៉ុន្មាន? អញ្ចឹងវាជាការផ្ទេរប្រាក់ពីអ្នកដែលមានប្រាក់ចំណូលមធ្យមដែលហៅថាអ្នកវណ្ណៈកណ្ដាល ឬពួកអ្នកមានទៅកាន់ប្រជាជនក្រីក្រដែលលក់មានលក់របស់របរលក់ដូរអីៗនៅជនបទមានចំនួនច្រើនដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់យើងវិល»។
សម្ដេចតេជោបន្ថែមថាក្រៅពីកត្តាទាំងនេះកត្តាកើតឡើងនូវតំបន់ទេសចរណ៍ថ្មី និងកត្តាភាពស៊ាំសហគមន៍គឺជាអ្វីធ្វើឱ្យការប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែរីករាយផងដែរ។
សម្ដេចតេជោបន្ថែមថា៖ «ភាពស៊ាំសហគមន៍ដែលយើងបានចេញដំណើរមកគឺភាពត្រឹមត្រូវមិនមែនបានសេចក្ដីថាឱ្យតែមានវ៉ាក់សាំង។ វ៉ាក់សាំងចាក់បានច្រើននៅក្នុងប្រទេសមួយភាពស៊ាំសហគមន៍បានកើតទាំងអស់នោះទេ។ ព្រោះបើចាក់រាយប៉ាយតាំងពីដើមទីគឺមានន័យថាអត់អាចមានភាពស៊ាំសហគមន៍បានទេ»។
សម្តេចតេជោមានប្រសាសន៍ថា ភាពស៊ាំក្នុងសហគមន៍របស់កម្ពុជាកើតចេញពី វិធានការអភិក្រមផ្ការរីក ដែលស្រោចវ៉ាក់សាំងចេញពីទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ សម្តេចក៏បានលើកឡើងដែរថា នៅពេលដែលភាពស៊ាំសហគមន៍កាន់់តែរឹងមាំ កាតព្វកិច្ចពាក់ម៉ាស់មិនចាំបាច់ទៀតទេ។
សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញដើម្បីមានភាពស៊ាំជាសហគមន៍។
គួរបញ្ជាក់ដែរថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួនជាង ៥,១លាននាក់ ខណៈខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍ច្រើនជាងគេ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថាចំនួនភ្ញៀវចេញដើរលេងក្នុងឱកាសចូលឆ្នាំថ្មីនេះគឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក ក្រោយកម្ពុជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមាណប្រមាណ ៩៤ម៉ឺននាក់៕