ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅពេលដែលភាពស៊ាំសហគមន៍កាន់់តែរឹងមាំ កាតព្វកិច្ចពាក់ម៉ាស់មិនចាំបាច់ទៀតទេ។
សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីសម្ភោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឺកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។
សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញដើម្បីមានភាពស៊ាំជាសហគមន៍។
សម្តេចបានបន្តដោយអំពាវនាវដល់ពលរដ្ឋសូមទទួលយកវ៉ាក់សាំងជាដូសជំរុញតាមរយៈការរៀបចំរបស់អាជ្ញាធរដោយសហការណ៍ជាមួយរោងចក្រ ដើម្បីចាក់ជូនកម្មករកម្មការី ទទួលបាននូវការការពារឱ្យបានរឹងមាំ។
សម្តេចបញ្ជាក់ដែរថា សម្រាប់អ្នកដែលចាក់បានពីរដូសគឺអស់ប្រសិទ្ធភាពហើយ វាត្រូវការដូសទី៣ ទៀតដើម្បីការពារបន្ត។
សម្ដេចថា៖ «ពេលនេះយើងសល់មនុស្សយ៉ាងតិច ៦លាននាក់ទៀតដែលត្រូវទទួលដូសទី៣» ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបាន ១៤ ៨៦២ ៥៣១នាក់ ដែលស្មើនឹង ៩២,៨៩% ធៀបនឹងប្រជាជន ១៦លាននាក់៕
PHOTO: EAC NEWS