ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានហិង្សាក្នុងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខទាំងហិង្សាការវាយតប និងហិង្សាពាក្យសំដី ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ និងអព្យាក្រឹត្យនៃការបោះឆ្នោត។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឺកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកឡើងថាខែក្រោយចូលដល់រដូវកាលនៃការឃោសនាបោះឆ្នោតដែលគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតទាំងអស់ចាប់ផ្ដើមមានយុទ្ធនាការឃោសនារបស់ខ្លួនតាមទីសាធារណៈផ្សេង។ ក្នុងពេលជាមួយគ្នានោះសម្ដេចតេជោ បានបញ្ជាដល់អាជ្ញាធរបង្ករភាពងាយស្រួលដល់គណបក្សនយោបាយទាំងអស់ មិនថាបក្សកាន់អំណាចនិងបក្សមិនកាន់អំណាចគឺមានសិទ្ធដូចគ្នាក្នុងឃោសនា ជួបជុំសមាជិករបស់ខ្លួន។
សម្ដេចបានស្នើឱ្យមានស្ថិរភាព គ្មានហិង្សាក្នុងពេលឃោសនា និងបោះឆ្នោតនេះផងដែរ។
សម្តេចបានលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវឱ្យគ្រប់ទីកន្លែងទាំងអស់រក្សានូវការខិតខំដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមបោះឆ្នោត និងជ្រើសរើសដោយសេរី។ ស្រលាញ់បក្សណា ស្រលាញ់បេក្ខជនណា បោះឆ្នោតឱ្យបេក្ខជនហ្នឹងទៅ»។
ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានារដូវឃោសនាបោះឆ្នោតនេះសម្ដេចមិនចេញឃោសនានោះទេ ដោយទុកឱ្យមន្ត្រីគណបក្សនៅតាមមូលដ្ឋានចេញឃោសនាស្វែងរកសំឡេងឆ្នោតរៀងខ្លួន។
គួរបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយទាំងអស់ចំនួន ១៧ បានឈរឈ្មោះ បោះឆ្នោតដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែឧសភាតទៅ៕
PHOTO: EAC NEWS