ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ពីវិធីសាស្ត្រដែលជប៉ុនជួយដល់កម្ពុជាក្នុងការដោះបំណុលរបស់ខ្លួនដែលសម្ដេចថា ជាការយកលុយជប៉ុន សងជប៉ុន និងកសាងកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ទាប់ពីប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម បំណុលកម្ពុជាដែលបានខ្ចីពីជប៉ុនក្នុងអំឡុងរដ្ឋបាលលោក លន់ នល់ បានកើនឡើងទ្វេរដង បូករួមទាំងប្រាក់ពិន័យថែមទៀត ដែលពេលនោះជប៉ុនបានសម្រេចឈប់ឱ្យកម្ពុជាខ្ចីលុយថែមទៀត។
សម្ដេចតេជោបន្ថែមថា ជប៉ុនបានបដិសេធសំណើរលុបបំណុលរបស់កម្ពុជា តែមានវិធីសាស្ត្រមួយដែលធ្វើឱ្យកម្ពុជាអាចដោះបំណុលបានគឺការយកសម្ភារៈជប៉ុនមកលក់ យកលុយដាក់ក្នុងគណនីសងជប៉ុនវិញ។ សម្ដេចថា ជប៉ុនមិនបានយកលុយដែលកម្ពុជាសងនោះទេគឺបានទុកឱ្យកម្ពុជាយកលុយមកអភិវឌ្ឍន៍ជាតិវិញថែមទៀត។
សម្ដេចបានអរគុណជប៉ុនដែលបានជួយដល់កម្ពុជាតាំងពីកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមមកដល់បច្ចុប្បន្ន៕













PHOTO: EAC NEWS

