ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានប្រកាស ថាកូនប្រុសស្រីទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាម្នាក់ ១០ ០០០ដុល្លារ (មួយម៉ឺន) ដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។
យោងតាមផេកហ្វេសបុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសថា កូនប្រុសស្រី កូនប្រសារ រួមទាំងចៅៗទាំងអស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារក្នុងមួយគ្រួសារ ជូនកាកបាទក្រហមកម្ពុជាដែលរួមមាន លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងបុត្រ, លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ព្រមទាំងបុត្រ, លោក ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខីទីឃាយុកោ ព្រមទាំងបុត្រ, លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ព្រមទាំងបុត្រ និងលោក សុខ ពុទ្ធិវុធ និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងបុត្រ។
សម្រាប់សប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា៖
គណនីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ឈ្មោះ Cambodian Red Cross (កាកបាទក្រហមកម្ពុជា) និងគណនីធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឈ្មោះ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY។
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង លោកស្រី ពុំ ចន្ទីនី តាមលេខទូរស័ព្ទ 012 921 105 លោកស្រី មែន នារីសោភ័គ លេខទូរស័ព្ទ 012 810 854 និងលោក ឌួង អេលីត លេខទូរស័ព្ទ 017 248 888៕