លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ប្រជាជន Mariupol ព្យាយាមរស់នៅក្នុងទីក្រុងដែលត្រូវបានបំផ្លាញ

អ៊ុយក្រែន៖ អាគារបាក់បែក មានខ្លះត្រូវភ្លើងឆេះជាប់ផ្សែងខ្មៅ សំណល់នៅពាសពេញវាល ទីក្រុងបៃតងមួយត្រូវបានបំផ្លាញទាំងស្រុងដោយគ្រាប់បែក និងមីស៊ីលរុស្ស៊ី។ សន្ដិភាព ក្ដីរីករាយ ភាពអ៊ូអរនៃទីក្រុង និងប្រជាជនត្រូវបានបំផ្លាញទាំងស្រុង ពេលនេះប្រជាជននៅ Mariupol កំពុងព្យាយាមរស់នៅជាមួយការលំបាកពីសង្គ្រាមដែលបានកើតឡើងនេះ។

ពលរដ្ឋអ៊ុយក្រែន ដែលរស់នៅទីក្រុង Mariupol ពេលនេះកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត គ្មានទឹក គ្មានអគ្គិសនី គ្មានហ្គាសប្រើប្រាស់នោះទេ អ្វីដែលពួកគេធ្វើរាល់ថ្ងៃគឺស្វែងរកប្រភពទឹក បង្កាត់ភ្លើងដើម្បីចំអិនអាហារ និងរត់ទៅរកកន្លែងសុវត្តិភាពពេលឮសំឡេងយន្តហោះ។

ស្ដ្រីម្នាក់ដែលកំពុងកាត់សក់ឱ្យក្មេងប្រុសម្នាក់បានស្រែកយ៉ាងខឹងសម្បារថា៖ «ពួកគេត្រូវដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកឱ្យបានឆាប់រហ័ស។ តើយើងអាចរស់នៅដោយគ្មានទឹកដោយរបៀបណា? វាគួរឱ្យអណោចអធមណាស់»។

អ្នកស្រី OLGA បានប្រាប់អ្នកយកព័ត៌មានថា៖ «និយាយឱ្យត្រង់ទៅយើងរស់មិនស្រួលទេ។ ខ្ញុំមានបញ្ហាផ្លូវចិត្តបន្ទាប់ពីការមានការវាយប្រហារតាមអាកាស។ ខ្ញុំពិតជាភ័យខ្លាចណាស់ពេលឮយន្តហោះខ្ញុំរត់មិនងាកក្រោយទេ»។

រុស្ស៊ីបានអះអាងកាលពីថ្ងៃសៅរ៍ ទី១៦ ខែមេសា ថាកងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ទីក្រុងកំពង់ផែស្ទើរតែទាំងស្រុង ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន កាលពីថ្ងៃចន្ទបានអះអាងថា ស្ថានភាពគឺលំបាកខ្លាំង ប៉ុន្តែ Mariupol មិនស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់រុស្ស៊ីទេ។

ការចាប់យក Mariupol ដែលជាកំពង់ផែដ៏សំខាន់នៅក្នុងតំបន់ Donbas នឹងក្លាយជារង្វាន់យុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ី ដោយភ្ជាប់ទឹកដីដែលកាន់កាប់ដោយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតជាមួយតំបន់ Crimea ដែលទីក្រុងម៉ូស្គូបានបញ្ចូលក្នុងឆ្នាំ២០១៤។

អ្នកស្រី OLGA ថាពេលនេះរស់មួយថ្ងៃដើម្បីមួយថ្ងៃអ្នកស្រីមិនដឹងថានៅថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេគឺមានតែការភ័យខ្លាចប៉ុណ្ណោះ។

អ្នកស្រីថា៖ «ខ្ញុំស្រឡាញ់ផ្ទះរបស់ខ្ញុំ។ ខ្ញុំចូលចិត្តរស់នៅក្បែរសមុទ្រ។ ខ្ញុំកើតនៅទីនេះ។ ហើយខ្ញុំស្រឡាញ់ទីក្រុងនេះណាស់ តែឥឡូវនេះខ្ញុំមិនដឹងទេ! ខ្ញុំទើបតែចូលនិវត្តន៍ហើយខ្ញុំមិនដឹងថានឹងទៅជាយ៉ាងណាជាមួយនឹងប្រាក់សោធននិវត្តន៍របស់ខ្ញុំ។ យើងខ្លាចនូវអ្វីដែលយើងមិនស្គាល់ នេះជាអ្វីដែលធ្វើឱ្យយើងភ័យខ្លាចបំផុត។ មិនស្គាល់និងការបំផ្លិចបំផ្លាញ។ យើងមិនអាចបោកគក់បានទេ ព្រោះយើងមិនមានទឹក យើងមិនមានអគ្គិសនីប្រើប្រាស់ទេ។ ឥឡូវនេះ យើងត្រូវដឹកទឹកពីចម្ងាយ ខ្ញុំគ្មានកម្លាំងដើម្បីទៅយកវាទេ»។

មេបញ្ជាការកងពលតូចសមុទ្រទី៣៦ របស់អ៊ុយក្រែន លោកឧត្តមសេនីយ Serhiy Volyna ដែលនៅតែប្រយុទ្ធគ្នាក្នុងទីក្រុង Mariupol បានអំពាវនាវសុំជំនួយនៅក្នុងលិខិតមួយផ្ញើជូនសម្តេចប៉ាប Francis កាលពីថ្ងៃចន្ទ ដោយនិយាយថា ស្ត្រី និងកុមារត្រូវបានជាប់ក្នុងចំនោមអ្នកប្រយុទ្ធក្នុងទីក្រុង។

បើយោងតាមការដកស្រង់ដែលបានបង្ហោះដោយឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅបុរីវ៉ាទីកង់បានឱ្យដឹងថា៖ «នេះគឺជាឋាននរកនៅលើផែនដី... វាជាពេលវេលា (សម្រាប់) សម្រាប់ជួយមិនមែនត្រឹមតែដោយការអធិស្ឋានទេ។ សង្គ្រោះជីវិតរបស់យើងពីដៃរបស់សាតាំងផង»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក