កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

បទយកការណ៍៖ ពីធីបេះ «ផ្កាកកោះ» នៅក្នុងស្រុកមួយនាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្នុងរយៈពេលពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតែងតែនាំគ្នាទៅវត្តប្រគេនចង្ហានដល់ព្រះសង្ឃ និងថ្វាយគ្រឿសក្ការៈបូជាមាន ទៀន ធូប ផ្កាភ្ញីជាដើមដើម្បីបូជាថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះរតនត្រ័យ។ ក្រោយពីបញ្ចប់ថ្ងៃចូលឆ្នាំរយៈពេល ៣ថ្ងៃ តាមទីវត្តអារាមនានា តែងតែប្រារព្ធពិធីត្រាស់ស្រង់ព្រះជាដើម។

ដោយឡែកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តាមទីវត្តអារាមមួយចំនួនតូចដូចជា វត្តកកោះ-កំណប់ វត្តសុវណ្ណារាម ភូមិទ័ពសៀម វត្តតាបែន វត្តស្វាយចេកជាដើម តែងតែប្រារព្ធពិធីមួយគឺ ពិធីបេះ «ផ្កាកកោះ»។ ពិធីនេះ គឺជាពិធីបុណ្យមួយភាគច្រើន ប្រជាពលរដ្ឋតែងតែប្រារព្ធក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ ដើម្បីបេះផ្កាកកោះ ឬផ្កាផ្សេងៗទៅបូជាថ្វាយព្រះពុទ្ធ។

គណៈកម្មការវត្តកកោះ-កំណប់ លោក សុខ ឈួង បានបញ្ជាក់ថា៖ «គោលបំណងនៃការបេះផ្កាមកថ្វាយព្រះនៅវត្តកកោះ-កំណប់នេះដោយមានគោលបំណងសំខាន់២យ៉ាងគឺ ១កាច់បេះរុក្ខជាតិផ្សេងៗយកមកថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ ២មានផ្កាប្រាក់ មានបច្ច័យ ដង្ហែរួមនឹងផ្ការុក្ខជាតិ ដើម្បីយកមកផ្គត់ផ្គង់ក្នុទីវត្តអារាម មានការកសាងសមិទ្ធផលនានា និងជួបដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តាចង្ហាន់បិណ្ឌបាតជាដើម»។

បើតាមការបកស្រាយពីលោកគ្រូធម្មាចារ្យ ឃុន ចាន់ណារ៉ា គង់នៅវត្តកកោះ-កំណប់ មានសង្ឃដីកាឱ្យដឹងថា ពិធីបេះផ្កាកកោះ គឺជាទំនៀមទំនៀមទម្លាប់របស់ពលរដ្ឋកម្ពុជាអាចនិយាយបានថាទំនៀមទម្លាប់មិនមែនជាប្រពៃណីឡើយ ដោយមិនមានការកត់ត្រាទុកក្នុងសៀវភៅណាមួយឡើយ។ ប៉ុន្តែពិធីបុណ្យនេះ គឺជាបុណ្យទំនៀមទម្លាប់បែប អ្នកស្រុកស្រែ ជាពិសេសគឺអ្នកស្រុកស្វាយចេកឬក៏អ្នកជនបទដែលកន្លែងមានការផ្កាកកោះ មួយទៀតគោលបំណងសំខាន់នៃការធ្វើបុណ្យបេះផ្កាកកោះនេះ គឺទីមួយបុណ្យផ្ការុក្ខជាតិឬក៏វារីជាតិ គឺគេបេះផ្កា ឬក៏ផ្ការុក្ខជាតិផ្សេងៗមានដូចជា ផ្កាឈូក ផ្កាកកោះជាដើមយកទៅបូជាថ្វាយព្រះពុទ្ធរូប ឬក៏ព្រះរតនត្រ័យ។

លោកគ្រូធម្មាចារ្យមានសង្ឃដីកាបន្ថែមថា៖ «ខ្លឹមសារសំខាន់មួយទៀត គឺផ្កាប្រាក់ ឬក៏ផ្កាប្រាក់សាមគ្គី គេសន្មត់យកប្រាក់ថាជាផ្កា យកទៅវេរប្រគេនព្រះសង្ឃសម្រាប់កសាងសមិទ្ធផលផ្សេងៗនៅក្នុងទីវត្តអារាម នេះគឺកត្តាសំខាន់ៗទាំងពីរ នៃការធ្វើបុណ្យផ្កា ឬក៏បុណ្យបេះផ្កាកកោះ ឬផ្កាផ្សេងៗទៀត ដែលមានបញ្ជាក់អំពីរឿងសម័យព្រះពុទ្ធអានិសង្សមានប្រយោជន៍ដែលយកផ្កាទៅបូជាថ្វាយព្រះ»។

ពុំមានទំនៀមទម្លាប់ពីបុរាណនៃពិធីបេះផ្កាកកោះនេះទេ គឺជាពិធីដែលរៀបចំថ្មីនៅសម័យបច្ចុប្បន្នដែលបានយករឿងរ៉ាវនាងផ្កាននោងមកជាគតិ ពីព្រោះសម័យព្រះក៏មានការបូជាផ្កាទូទៅថ្វាយព្រះដូចជា ផ្កាឈូកជាដើម នេះបើតាមការបញ្ជាក់របស់លោកគ្រូធម្មាចារ្យ ឃុន ចាន់ណារ៉ា។

ទាក់និងប្រវត្តិរឿង «នាងទេពធីតាផ្កាននោង» ដែលដកស្រង់ចេញពីសៀវភៅបុណ្យទំនៀមខ្មែរ ឬបុណ្យទំនៀមទំលាប់ខ្មែរ ភាគ៣បានតំណាលមកថា៖ «ក្នុងសម័យពុទ្ធកាលពេលព្រះសមណគោតមទ្រង់បរិនិព្វានទៅព្រះបាទអជាតសត្រូវ ព្រះចៅនគរមតធៈ បានយកព្រះបរមសរិរធាតុមួយចំណែក ទៅបញ្ចុះក្នុងព្រះស្តូបលើទីទួលមួយ។ ក្នុងគ្រានោះឯងកុលធីតា ដែលមានផ្ទះនៅជិតព្រះស្តូបនោះ បានភ្ញាក់ពីព្រលឹមទៅលប់មុខខាងក្រៅផ្ទះ។ នាងបានក្រឡេកទៅឃើញផ្កាននោងរបស់ខ្លួនទើបនឹងរីកថ្មីៗ នាងមានសេចក្តីជ្រះថ្លាក៏បានបេះផ្កាននោងនោះកាន់យកទៅបូជាព្រះបរមធាតុនៃសក្យមុនីចេតិយនោះ។ ដោយនាងមានសេចក្តីប្រាមោជ្ជត្រេកអរខ្លាំងពេកដើររលះរលាំងតាមផ្លូវទៅដើម្បីឱ្យបានឆាប់ដល់ទីបូជា ស្រាប់តែមេគោមានកូនខ្ចីមួយកំពុងការពារកូនរបស់វាបានជល់នាងកុលធីតាស្លាប់នាពាក់កណ្ដាលផ្លូវនោះទៅ។ ដោយអំណាចកុសលចេតនាជ្រះថ្លា ចំពោះការបូជាផ្កាននោងនោះនាងកុលធីតាក៏បានចុតិទៅកើតក្នុងត្រៃត្រឹង្សទេវលោកឋាន។ នៅពេលកើតឡើងភ្លាម នាងមានសម្បុរលឿងឆ្អៅដូចមាសនពគុណមាន អាភរណៈ និងគ្រឿងស្លៀកពាក់ ព្រមទាំងរទេះរថសុទ្ធតែសម្បូរលឿងៗ ដូចផ្កាននោង។

ពួកទេវតាផ្អើលឈូឆរមកចោមរោមមើលហើយសួរនាងថា៖ នាងបានធ្វើបុណ្យអ្វីបានជាមកកើតក្នុងទីនេះ ហើយមានប្រដាប់សុទ្ធតែពណ័លឿងយ៉ាងដូច្នេះ?

នាងកុលធីតាក៏ថ្លែងប្រាប់អំពីហេតុ ដែលនាងបានយកផ្កានោនងទៅបូជាដល់ព្រះបរមសរិរធាតុ ប្រកបដោយញាណសម្បយុត្តអសង្ខារិកដែលនឹងធ្វើពុទ្ធបូជាដោយខ្លួនឯងពុំមាននរណាដាស់តឿនឬបបួលនាងសោះឡើយ។ ពួកទេពធីតាបានស្ដាប់រឿងនេះហើយក៏នាំគ្នាហៅនាងកុលធីតា «អនោជាទេពធីតា» ប្រែថា នាងទេពធីតាផ្កាននោងតទៅ។

លោកគ្រូធម្មាចារ្យក៏បានលើកឡើងពីមូលហេតុដែលជ្រើសរើសយកផ្កាកកោះមកថ្វាយព្រះថា៖ «ការដែលជ្រើសរើសយក «ផ្កាកកោះ» ដោយសារតែនៅតាមព្រៃ ឬក៏តាមវាលស្រែសម្បូរទៅដោយ ដើមនិងផ្ការកកោះនៅរដូវចូលឆ្នាំ ក្នុងខែចែត្រនេះ ទើបជ្រើសរើសផ្កាកកោះដើម្បីបូជាថ្វាយចំពោះព្រះសម្មាសម្ពុទ្ធ។ ហើយមិនមែនយកតែផ្កាកកោះនោះទេ ផ្កាផ្សេងក៏មកយកថ្វាយចំពោះព្រះសម្មាសម្ពុទ្ធបានដែរ»។

មានវត្តមួយចំនួនប៉ុណ្ណោះ នៅស្រុកស្វាយចេកដែលមានការរៀបចំពិធីបេះផ្កាកកោះ ដោយមុនពេលបេះគឺគេត្រូវរៀបចំពិធីបែបសាសនា ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំ សុំម្ចាស់ទឹកម្ចាស់ដី ពពួកទេវតាថែរក្សាព្រៃ ដើម្បីយកផ្កា ដង្ហែពីព្រៃ ឬទីវាល ទៅទីវត្តអារាមដើម្បីរៀបចំពិធីគ្រឿងសក្ការៈផ្សេងៗមានផ្កាជាដើមដើម្បីបូជាថ្វាយព្រះសម្មាសម្ពុទ្ធ នៅថ្ងៃត្រាស់ក្រោយបញ្ចប់ពិធីចូលឆ្នាំរយៈពេល៣ថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក