កំពត៖ លោក ហ៊ុន ម៉ាណែត ស្នើឲ្យប្រជាពលរដ្ឋបន្តជឿទុកចិត្តមកលើសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោត ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត ដោយថាសម្តេចតេជោ តែងគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។
ការបញ្ជាក់នេះ ក្នុងឱកាសលោកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវមហាកុដិ និងសមិទ្ធផល ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញសម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំងសន្តិភាពផ្លូវកាយ គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវស្ថានការណ៍សង្គ្រាមដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ និងសន្តិភាពផ្លូវចិត្ត គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។
ជាមួយគ្នានេះ លោកបានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលបន្តកើតមានទ្បើងនៅក្នុងទីអារាម ដែលមានចំណាស់ជាង ៣០០ឆ្នាំ ក្រោមដំណើរឆ្លងកាត់ដំណាក់កាលទ្បើងចុះជាច្រើននៃប្រវត្តិអតីតកាល។ សំខាន់នៅក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាពហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស។ សុខសន្តិភាពនេះហើយដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ។
លោកបានអរគុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ដែលតែងយកចិត្តទុកដាក់អនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋ។ លោកបន្តថា នេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សារភ្ជាប់មួយយ៉ាងសំខាន់រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារនេះឲ្យប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យស័ក្តិសមនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕