មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ប្រាប់ពលរដ្ឋដែលមានការសង្ស័យថាឆ្លងជំងឺកូវីដ-១៩ ឱ្យដាក់ខ្លួននៅដាច់ដោយឡែក
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ឱ្យប្រជាពលរដ្ឋដែលបានចេញដើរលេងក្នុងពីធីចូលឆ្នាំប្រពៃណីជាតិកាលសប្ដាហ៍មុន និងសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ឱ្យដាក់ខ្លួនដាច់ដោយឡែកនិងធ្វើតេស្តរហ័ស ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍ នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗហើយប្រសិនបើប្រជាពលរដ្ឋមានការសង្ស័យ សូមធ្វើតេស្តរហ័សឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។
លោកស្រីថា៖ «ប្រសិនបើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ ហើយនៅក្នុងលក្ខណ:ស្រាល សូមដាក់ខ្លួននៅដោយឡែក ការពារកុំឲ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ និងត្រូវថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ ម្យ៉ាងទៀត បើមានរោគសញ្ញាសង្ស័យថាវិវត្តទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសំងំនៅផ្ទះដែលអាចស្លាប់បាត់បង់ជីវិតបាន។ ជាពិសេសគឺត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យដែលនៅតំបន់រស់នៅដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា»។
ជាមួយគ្នានេះ លោកស្រីបន្តថា ក្រសួងនៅមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលត្រូវរង់ចាំនិងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយនៅតំបន់ណាមួយរហូតដល់ដំណាច់ខែមេសានេះ។
លោកស្រីបន្តទៀតថា៖ «ក្នុងដំណាក់កាលនេះក្រសួងកំពុងពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩»។
យ៉ាងណាក្ដី លោកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ (ទី៣និងទី៤) ឱ្យបានគ្រប់ៗគ្នាដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែង។ ក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃ ជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន៕