អន្តរជាតិ៖ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្សរាប់សិបនាក់ដែលនៅតែបាត់ខ្លួននៅក្នុងខេត្ត KwaZulu-Natal នៃប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្ស ៤៤៣នាក់។
ទឹកជំនន់បានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង ផ្តាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងរំខានដល់ប្រតិបត្តិការនៅឯកំពង់ផែដ៏មមាញឹកបំផុតមួយរបស់ទ្វីបអាហ្វ្រិកគឺ Durban ។
មន្ត្រីសេដ្ឋកិច្ចខេត្តបានប៉ាន់ប្រមាណថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធទាំងមូលមានចំនួនជិត ៧០០លានដុល្លារហើយគិតដល់ពេលនេះ ។
អ្នកស្រុកបាននិយាយថា ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារមានភ្លៀងបន្តធ្លាក់បន្ថែមទៀត ដែលត្រូវបានព្យាករណ៍ថានឹងធ្លាក់នៅថ្ងៃអាទិត្យ។
លោកស្រី Sbongile Mjoka អ្នកស្រុកនៅភូមិ Sunshine ក្នុងក្រុង eThekwini ដែលក្មួយប្រុសអាយុ ៨ឆ្នាំបានបាត់ខ្លួនជាច្រើនថ្ងៃថា៖ «យើងមិនបានបាត់បង់ក្តីសង្ឃឹមទេ ហើយយើងមានការតក់ស្លុតដោយសារការមើលឃើញភ្លៀង» ដោយបន្ថែមថាផ្ទះរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
ការិយាល័យរបស់ប្រធានាធិបតី Cyril Ramaphosa បានឱ្យដឹងកាលពីល្ងាចថ្ងៃសៅរ៍ថា លោកបានពន្យារពេលដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីផ្តោតលើគ្រោះមហន្តរាយនេះ។ Ramaphosa នឹងជួបជាមួយរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ដើម្បីវាយតម្លៃការឆ្លើយតបចំពោះវិបត្តិនេះ៕