កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ពលរដ្ឋអរគុណសម្ដេចតេជោដែលអាចធ្វើឱ្យកម្ពុជាត្រលប់មកប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរវិញបាន

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទើបតែបញ្ចប់ទៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ មានពលរដ្ឋខ្មែរជាង ៥,‌១លាននាក់ចេញដើរកម្សាន្តក្នុងថ្ងៃសម្រាកនេះ។

EAC News ធ្វើបទសម្ភាសន៍ជាមួយពលរដ្ឋមួយចំនួនដែលគាត់បានចេញដើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចួលឆ្នាំប្រពៃណីជាតិខ្មែរនេះពួកគេឆ្លើយស្រដៀងគ្នាថា ពួកគេមានការសប្បាយចិត្តដែលកម្ពុជាអាចត្រលប់មករៀបចំពិធីបុណ្យចូលឆ្នាំថ្មីឡើងវិញ និងបានអរគុណនាយករដ្ឋមន្ត្រីសម្ដេចតេជោ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

រង្វង់មូលព្រះថោង នាងនាគ ជាកន្លែងមួយដែលគេចាប់អារម្មណ៍នៅពេលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំ ដោយសារជារួបសំណាកដែលធំជាងគេនៅកម្ពុជា និងទើបតែតម្លើងរួច។ ពលរដ្ឋជាច្រើនបានចូលមកថតរូបលេងជាមួយរូបសំណាកដែលតំណាងឱ្យការកកើតទឹកដីខ្មែរមួយនេះ។ តាមការសង្កេតពួកគេភាគច្រើនពុំបានពាក់ម៉ាស់នោះទេ។

លោក សេន យ៉ត អាយុ ៣៨ឆ្នាំ បានប្រាប់ EAC News ថា៖ «បានគេបើកអញ្ចឹងសប្បាយ។ ពីឆ្នាំមុនៗមិនបានទាំងចេញពីផ្ទះផងឆ្នាំមុនៗដោយសារកូវីដហ្នឹង។ ដល់ឥឡូវគាត់បើកវិញអញ្ចឹងទៅដើរមនុស្សមែនទែនហ្មងមនុស្ស»។

លោក ចាន់ ខាវ អាយុ២៦ឆ្នាំ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយខ្លាំង! សូម្បីតែផ្លូវក៏ស្អាតៗ ខ្លាំងណាស់បង មានអារម្មណ៍ថាមនុស្សច្រើន។ ពីមុនអត់បានចូលឆ្នាំខ្ញុំ Sad ណាស់!»។

អ្នកស្រី វិន អាយុ ៣៩ឆ្នាំ ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់! បានដើរលេង។ ខានដើរលេង២ឆ្នាំហើយ។ ឆ្នាំមុនៗនៅតែក្នុងផ្ទះអផ្សុកអត់បានដើរទៅណា»។

ពួកគេបានអរគុណដល់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋដែលធ្វើឱ្យកម្ពុជាមានប្រព័ន្ធភាពស៊ាំសហគមន៍ ហើយពលរដ្ឋក៏ទុកចិត្តក្នុងការធ្វើដំណើរកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះផងដែរ។

អ្នកស្រី វិន អាយុ ៣៩ឆ្នាំ ថា៖ «អរគុណដល់រាជរដ្ឋាភិបាលដែលបានចេញវិធានការចាក់វ៉ាក់សាំងឱ្យប្រជាជនបានគ្រប់គ្រាន់អញ្ចឹង។ អញ្ចឹងប្រជាជនមានឱកាសដើរលេង មិនសូវភ័យព្រួយពីការឆ្លងកូវីដអីអញ្ចឹងណា»។

លោក ចាន់ ខាវ អាយុ២៦ឆ្នាំ៖ «ខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលគាត់បានឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងបានគ្រប់គ្នាអញ្ចឹង។ អញ្ចឹងទៅទោះនៅមានកូវីដ តែយើងបានចាក់ហើយអញ្ចឹងក៏យើងមានអារម្មណ៍ថាសប្បាយចិត្តជាងអត់ទាន់ចាក់»។

អ្នកស្រី ស៊ីថា អាយុ ៣១ឆ្នាំ បានឱ្យដឹងថា៖ «អរគុណដល់សម្ដេចពុកដែលលោកខិតខំ ស្វែងរកវ៉ាក់សាំងចាក់ឱ្យប្រជាជនយើងទូទាំងប្រទេស។ ហើយក៏អរគុណដល់សន្ដិភាព អរគុណគ្រប់គ្នា អរគុណដល់សម្ដេចពុកជាពិសេសដែលគាត់នាំមកភាពសប្បាយទូទាំងប្រទេសបែបនេះ និងសុំឱ្យសប្បាយបែបនេះរហូតតែម្ដង»។

ខេត្តព្រះសីហនុមានប្រជាពលរដ្ឋទៅលេងក្នុងឱកាសបុណ្យចួលឆ្នាំប្រពៃណីជាតិនេះប្រមាណជា ២៦ម៉ឺននាក់ ខណៈខេត្តបាត់ដំបងមានប្រជាពលរដ្ឋទៅលេងច្រើងជាងគេជាង ៦៥ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាក់ថា កត្តាដែលឱ្យពលរដ្ឋចេញដើរលេងច្រើនក្នងឆ្នាំនេះដោយសារភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា ដែលបានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។

រាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផ្ទុះការឆ្លងជាសហគមន៍ ២០ កុម្ភៈ។ កម្ពុជាប្រើពេល ៨ខែដើម្បីធ្វើការចាក់វ៉ាកសាំងដល់ពលរដ្ឋគោលដៅឱ្យបាន ១០០ភាគរយ និងបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីអភិសេករូបសំណាក់ «ព្រះថោងនាងនាគ» នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងែទី១៦ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា អ្វីដែលកម្ពុជាខិតខំប្រឹងប្រែងកាលពីឆ្នាំ២០២១គឺដើម្បីថ្ងៃនេះ។

សម្ដេចថ្លែងថា៖ «ពីឆ្នាំទៅគឺជាឆ្នាំដែលលំបាក អ្វីដែលជាការខិតខំរបស់យើងកាលពីឆ្នាំទៅគឺដើម្បីថ្ងៃនេះឯង ឆ្នាំនេះឯង អ្វីដែលយើងខិតខំកាលពីប៉ុន្មានខែមុនគឺដើម្បីថ្ងៃនេះឯង។ ខ្ញុំព្រះករុណាខ្ញុំបានប្រកាសជាសាធារណថា ឆ្នាំនេះប្ដូរផ្ដាច់ដើម្បីនឹងរៀបចំឱ្យមានការចូលឆ្នាំ ដោយសារប្រជាពលរដ្ឋរបស់យើងបានអាក់ខាននូវការចូលឆ្នាំ២ឆ្នាំរួចមកហើយ។ ការអាក់ខាន២ឆ្នាំនោះគឺដោយសារមិនទាន់មានវ៉ាក់សាំងដើម្បីនឹងចាក់ ក៏ប៉ុន្ដែបន្ទាប់មានវ៉ាក់សាំងបានចាក់ចូលគ្រប់គ្រាន់ មិនមែនជាការចាក់ទេ តាមន័យរបស់វាគឺស្រោចវ៉ាក់សាំងដើម្បីធានាភាពស៊ាំសហគមន៍របស់ប្រជាជនយើង។ ដោយសារតែយើងគ្រប់គ្រងបានល្អជាមួយនឹងកូវីដ-១៩ ហើយជាមួយនឹងសន្ដិភាពដែលយើងរកបានក្នុងរយៈកាល២៤ឆ្នាំកន្លងទៅធ្វើឱ្យប្រជាពលរដ្ឋរបស់យើងដើរលេងគ្រប់ទីកន្លែងទាំងអស់ជាមួយនឹងមធ្យោបាយ សម្លៀកបំពាក់ ក៏ដូចជាផ្លូវថ្នល់បានធ្វើដំណើរបានច្រើន ចំណុចទាំងអស់នេះជាចំណុចដែលខ្ញុំសប្បាយរីករាយជាមួយនឹងប្រជាជន»។

សម្ដេចតេជោ ថាបើទោះបីសម្ដេចនៅតែមានការបារម្ភខ្លះពីបញ្ហាកូវីដ-១៩ក្ដី តែសម្ដេចនឹងលើកទឹកចិត្តឱ្យពលរដ្ឋអាចធ្វើដំណើរលេងកម្សាន្តបានដោយសេរីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍ពលរដ្ឋខ្មែរនៅបរទេសឱ្យមកលេងកម្ពុជា ដោយថារដ្ឋាភិបាលបានដកបម្រាមកូវីដ-១៩ សម្រាប់អ្នកមកពីក្រៅប្រទេសអស់ហើយ ដោយទុកលទ្ធភាពដល់ពលរដ្ឋទទួលខុសត្រូវចំពោះជំងឺដោយខ្លួនឯង។

ទោះជាយ៉ាងណា សម្ដេចតេជោ នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តន៍នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ និងចេញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នាផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានជាង ១៤លាននាក់ ដែលស្មើនឹង ៩២,៨៤% ក្នុងចំណោមប្រជាជនសរុបចំនួន ១៦លាននាក់។ ខណៈករណីឆ្លងកូវីដ-១៩ ថ្មីមានចំនួន ១៦ករណីសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់។

ក្រសួងសុខាភិបាលបញ្ជាក់ថាពុំទាន់មានករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងពេលដែលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនោះទេរហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាដើម្បីឱ្យប្រាកដច្បាស់ថាគ្មានការផ្ទុះរាលដាលនោះគឺត្រូវរងចាំយ៉ាងហោច២សប្ដាហ៍ទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក