ភ្នំពេញ៖ ក្រសួងសុខាភិបាលកំពុងតាមដានចំពោះករណីនៃជំងឺកូវីដ-១៩ ក្រោយពីកម្ពុជាបានបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់ EAC News ថា ពុំទាន់មានករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងពេលដែលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនោះទេរហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាលោកស្រីថា ដើម្បីឱ្យប្រាកដច្បាស់ថាគ្មានការផ្ទុះរាលដាលនោះគឺត្រូវរងចាំយ៉ាងហោច២សប្ដាហ៍ទៀត។
លោកស្រីថា៖ «ខ្ញុំអត់ទាន់អាចនិយាយកើតទេ។ ព្រោះវាទើបនឹងចប់ ប្រសិនជាមានលក្ខណៈអីមិចៗយើងមិនទាន់ដឹងទេ ទាល់តែមួយរយៈតទៀតសិនទើបយើងអាចដឹងបាន»។
ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរប្រារព្ធទៅចាប់ពីថ្ងៃទី១៤ ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២។ បើតាមក្រសួងទេសចរណ៍ឱ្យដឹងថា មានភ្ញៀវទេសចរណ៍ជាង ៥លាន ១សែននាក់បានចេញដើរកម្សាន្តនាថ្ងៃឈប់សម្រាកជាតិនេះ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក។
រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន ថាកត្តាដែលឱ្យពលរដ្ឋចេញដើរលេងច្រើនក្នងឆ្នាំនេះដោយសារភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា ដែលបានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត ខណៈពលរដ្ឋភាគច្រើនយកជម្រើសមិនពាក់ម៉ាស់ក្នុងពេលដើរកម្សាន្តក្នុងពិធីនេះ។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ទៅនៃពិធីចូលឆ្នាំខ្មែរមួយថ្ងៃ កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១៦ករណីដែលជាប្រភេទអូមីក្រុងទាំងអស់៕