ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥ ១៧៥ ៧៥៤ នាក់ ក្នុងនោះភ្ញៀវជាតិ ៥ ១៤០ ៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩ នាក់ ខណៈខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍ច្រើនជាងគេ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន ខេត្តបាត់ដំបង ៦៥៣ ៨៩៦នាក់ ខេត្តកំពង់ចាម ៥៤១ ៩០០នាក់ ខេត្តបន្ទាយមានជ័យ ៤៧១ ១១៩នាក់ ខេត្តសៀមរាប ៤៥៥ ៩៨៤នាក់។
លោករដ្ឋមន្រ្តី បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនខ្ពស់បំផុតចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ម៉ឺននាក់។
លោកបន្តទៀតថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង។
លោករដ្ឋមន្ត្រីថា កត្តាដែលឱ្យពលរដ្ឋចេញដើរលេងច្រើនក្នងឆ្នាំនេះដោយសារភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា ដែលបានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។
ប្រទេសកម្ពុជាបានផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចំនួន២ឆ្នាំគឺ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារតែបញ្ហានៃជំងឺរាតត្បាតកូវីដ-១៩។ ទោះជាយ៉ាងណាក្រោយជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋ នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបើកឱ្យមានការចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញនៅឆ្នាំ២០២២នេះ៕