ភ្នំពេញ÷ កម្ពុជាស្វាគមន៍ចំពោះការកំណត់ពេលប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១ សម្រាប់ថ្នាក់ដឹកនាំយើងគិតចាប់តាំងពីឆ្នាំ២០១៧មក។
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ប្រធានអាស៊ានគឺប្រទេសកម្ពុជាបានស្វាគមន៍នូវកិច្ចប្រជុំកំពូលនេះ និងថាកិច្ចប្រជុំនេះនឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីរក្សាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿនិងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងកង្វល់រួម។
ក្នុងសេចក្ដីថ្លែងព័ត៌មានបញ្ជាក់ថា៖ «នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និង សហរដ្ឋអាមេរិកនឹងដាក់ចេញនូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាននិងប្រជាជនសហរដ្ឋអាមេរិក»។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានធ្វើលិខិតអញ្ជើញមួយច្បាប់ជូនដល់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងបញ្ជាក់ថា «ខ្ញុំរង់ចាំស្វាគមន៍សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅឱកាសដ៏ឆាប់ខាងមុខ»។
ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ។
កាលពីដំបូងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក គ្រោងរៀបចំនៅចុងខែមីនា តែត្រូវបានលើកពេលវិញដោយសារមេដឹកនាំអាស៊ានមួយចំនួនមានការរវល់រៀងខ្លួននៅថ្ងៃដែលគ្រោងនឹងប្រជុំ៕


