កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ក្ដីស្រលាញ់សម្ដេចតេជោចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ព្រះសីហនុ៖ រូបភាព ៣សន្លឹកបង្ហាញពីសម្ដេចតេជោ កាន់អាវសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតពីក្រោយ ដែលមើលទៅពោរពេញដោយក្ដីស្រលាញ់ និងការលេងសើចបែបក្នុងអត្តន័យស្រលាញ់ និងការពារ ត្រូវបានសម្ដេចតេជោបង្ហោះក្នុងផេករបស់សម្ដេចដោយភ្ជាប់នឹងពាក្យថា «ព្រះថោងតោងអាវនៅព្រឹកថ្ងៃ១៦មេសា២០២២នៅខេត្តព្រះសីហនុ»។

រូបភាពនេះថតបានក្នុងពេលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើពិធីអភិសេករូបសំណាក់ «ព្រះថោងនាងនាគ» នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ មករា ឆ្នាំ ១៩៧៦ ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រហូតមកដល់ពេលនេះគឺមានរយៈពេល៤៥ឆ្នាំហើយ។

បើទោះបីចំណងស្នេហ៍រវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុកាលជិតកន្លះសត្សវត្សហើយក្ដីតែការស្រលាញ់ ការយកចិត្តទុកការ ការលេងសើច ថែរក្សាគ្នារវាងសម្ដេចទាំងពីរគឺមានជានិច្ច។

នៅថ្ងៃទី១៣ ខែមេសា នៅពេលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញដល់រូបសំណាក់«ព្រះថោងនាងនាគ» និងថតរូបជាអនុស្សាវរីយ៍ សម្ដេចតេជោបានបង្ហោះលើហ្វេសបុកសម្ដេចថា ពីរនាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតគឺគ្រប់គ្រាន់ហើយ។

សម្ដេចតេជោសរសេរថា៖ «ពីរនាក់បានហើយ! នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួចគឺព្រះថោងនាងនាគនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេតែ ថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱយកូនចៅមើល»។

សម្ដេចតេជោតែងបង្ហាញនូវក្ដីគោរពស្រលាញ់ដល់ភរិយាជានិច្ចដោយសម្ដេចតែងប្រើពាក្យថាបែបលេងសើចថា «ខ្លាចប្រពន្ធ»។ សម្ដេចថាមានតែប្រពន្ធទេដែលដឹងនិងយល់ពីប្ដី យកចិត្តទុកដាក់ដល់ប្ដី ថែទាំគ្រួសារ ដែលប្ដីទាំងអស់គួរគោរពស្រលាញ់ប្រពន្ធរបស់ខ្លួន។

សម្ដេចតេជោ គឺជាប្ដីដែលការពារកិត្តិយសប្រពន្ធដ៏អស្ចារ្យម្នាក់។ អ្នកនយោបាយប្រឆាំងម្នាក់ត្រូវរត់ចោលស្រុកលែងហ៊ានចូលស្រុកវិញ ដោយសារពាក្យប្រមាថមួយចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម ដែលសម្ដេចតេជោ ចាត់ទុកជាការប្រមាថដែលមិនអាចទទួលបាន។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក រាជធានីភ្នំពេញ សម្ដេចតេជោ បានរម្លឹកថាសម្ដេចនៅតែចងចាំនូវការឈឺចាប់នេះ ហើយសម្ដេចថាបើត្រូវប្រយុទ្ធគ្នានៅជាតិក្រោយដើម្បីការពារកិត្តិយសប្រពន្ធក៏សម្ដេចនឹងធ្វើផងដែរ។

សម្តេចតេជោថា៖ «អ្នកឯង ប្រមាថប្រពន្ធខ្ញុំ ថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម កូនរបស់ខ្ញុំជាកូន របស់មេដឹកនាំវៀតណាម។ បើខ្ញុំមិនប្រតិកម្ម ខ្ញុំមិនមែនជាមនុស្សទេ! អញ្ចឹងបានខ្ញុំប្រាប់មេដឹកនាំក្នុងប្រទេសមួយចំនួនថា ខ្ញុំអត់ ទទួល យក បាន ទេចំណុចនេះ រឿងចង់ទៅជាស្អីទៅចុះតែរឿងកន្លែងហ្នឹង មួយ អ្នកឯងមិនប៉ះប៉ូវឲ្យខ្ញុំ ខ្ញុំថាទោះបីជាជាតិក្រោយក៏ត្រូវតែប្រយុទ្ធគ្នា ពុំអាចទទួលយកការប្រមាថបែបនេះបានទេ។ ប្រពន្ធកូនរបស់ខ្ញុំកំសត់ខ្លាំងណាស់មុនពេលដែល បានមកជួបខ្ញុំវិញ ខ្ញុំមិនដឹងថា ប្រពន្ធ និងកូនខ្ញុំត្រូវស្លាប់ឬរស់នោះទេ»។

ក្ដីស្នេហារវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូមួយដល់ពលរដ្ឋ ពីការស្រលាញ់ ការថែរក្សាគ្នា យកចិត្តទុកដាក់ឲ្យគ្នា និងការពារគ្នា។

ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក