ខេត្តព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅដល់ខេត្តព្រះសីហនុ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១៣ ខែមេសា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ជាលក្ខណៈឯកជន ជាមួយបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ រយៈពេលប្រមាណ៥ថ្ងៃ។
សម្ដេចទាំងពីរបានទៅដល់ទីសក្ការៈរង្វង់មូលព្រះឧមា-មហេសូរ ចំណុចប្រសព្វនៃមហាវិថីឆ្នេររាម និងមហាវិថីរាម ក្នុងភូមិសាស្រ្តភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានអញ្ជើញបូជាទៀនធូបបូងសួងដល់បារមីព្រះឧមា-មហេសូរ សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជាទាំងមូល ពិសេសប្រជាពលរដ្ឋកម្ពុជាទាំងអស់ រស់នៅក្រោម ម្លប់សុខសន្តិភាព សុខដុមរមនា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពរីកចំរើនថ្កើនថ្កាន ក្រោមម្លប់បារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ព្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅរង្វង់មូលព្រះឧមា-មហេសូរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនិងទេសភាពដ៏ស្រស់ស្អាត គ្មានពីរ នៃតំបន់ឆ្នេរសមុទ្ទតារារៈទិសនិរតីតំបន់សមុទ្រ របស់ព្រះរាជាណាចក្រកម្ពុជា ។
រង្វង់មូលព្រះឧមា-មហេសូរ បច្ចុប្បន្នមិនគ្រាន់តែជាទីសក្ការៈរបស់បងប្អូនពុទ្ធសានិកជនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈការកសាងឡើងនូវមហាវិថីជាច្រើន តាមបណ្តាឆ្នេរដ៏ស្រស់ស្អាត នៃតំបន់ឆ្នេររាម ដែលបានលាក់ទុកដ៏យូរលង់មកហើយនោះ។
បន្ទាប់មកពិនិត្យរង្វង់មូលព្រះឧមា-មហេសូរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបន្តដំណើរទស្សនាមហាសមិទ្ធផលថ្មីមួយទៀត គឺរូបសំណាក់ព្រះថោងតោងស្បៃនាងនាគ ស្ថិតលើរង្វង់មូលនៃភូមិគគីរ ឃុំបិតត្រាំង ស្រុងព្រៃនប់ ខេត្តព្រះសីហនុ ដែលទើបបញ្ចប់ការសាងសង់។
នៅទីសក្ការៈរង្វង់មូលដែលតាំងព្រះថោងតោងស្បៃនាងនាគ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូប ឧទ្ទិសបារមីព្រះថោងនាងនាគ ដែលបានកសាងនៅតំបន់ឆ្នេរទេសចរណ៍ខេត្តព្រះសីហនុ សូមតាមជួយបីបាច់ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកសំរាកកំសាន្តនៅខេត្តព្រះសីហនុ សូមសមប្រកបនូវភាពត្រជាក់ត្រជុំសុខដុមរមនា ប្រកបរបររកស៊ីទទួលទានមានភាពរីកចំរើនថ្កុំថ្កើនគ្រប់ក្រុមគ្រួសារទាំងអស់។
រូបសំណាក ព្រះថោងនាងនាគ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា សាងសង់ពីស្ពាន់មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់លើបល្ល៍ង្គកម្ពស់ ៦.៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភគ្រឆ្ពោះទៅសមុទ្ទរាម ទ្រងដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានអាយកាលដ៏យូរលង់ណាស់មកហើយ។
រូបសំណាកនេះ និងប្រារព្វពិធីបុណ្យអភិសេក តាមគន្លងប្រពៃណីសាសនា នាថ្ងៃទី១៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីទុកជាឧត្តមប្រយោជន៍របស់មនុស្សជាតិ ជាយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ដែរថា នៅរង្វង់មូលព្រះថោងនាងនាគ និងកន្លែងចារឹកអក្សរ ខ្មែរធ្វើបាន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនិងទិដ្ឋដ៏ល្អឯក ដែលកូនខ្មែរ ធ្វើបាន មុននឹងបន្តដំណើរទៅស្នាក់អាស្រ័យនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាង នយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាន នូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជា រដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ៕