អាមេរិក៖ អាកាសចរណ៍អាមេរិក (US Airline) បានប្រកាសពីផែនការទិញយន្តហោះប្រភេទ Supersonic ថ្មីចំនួន ១៥គ្រឿង និងដាក់ដំណើរការដឹកជញ្ជូនក្នុងវិស័យអាកាសចរណ៍ឡើងវិញនៅក្នុងឆ្នាំ ២០២៩ ខាងមុខនេះ។ គួរឱ្យដឹងថា Supersonic ផ្អាកការដឹកជញ្ជូនអ្នកដំណើរកាលពីឆ្នាំ ២០០៣ បន្ទាប់ពីអាកាសចរណ៍អង់គ្លេស និងបារាំងបានប្រកាសឈប់ប្រើប្រាស់យន្តហោះ ប្រភេទ Concorde។
យន្តហោះប្រភេទ Overture Aircraft ថ្មីនេះ នឹងត្រូវបានផលិតដោយក្រុមហ៊ុនឈ្មោះ Boom ដែលមានមូលដ្ឋានស្ថិតនៅទីក្រុង Denver រដ្ឋ Colorado ហើយកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកនេះ នឹងផ្អែកទៅលើលក្ខខណ្ឌនៃការកំណត់សុវត្ថិភាពខ្ពស់សម្រាប់យន្តហោះប្រភេទថ្មីនេះ។
ការហោះហើរ Supersonic គឺពេលដែលល្បឿនហោះហើរ លឿនជាងល្បឿននៃសំឡេង។ នៅក្នុងរយៈកម្ពស់ ១៨,៣០០ម៉ែត្រ និងហោះហើរក្នុងល្បឿនលឿនលើសពី ១,០៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាទូទៅយន្តហោះដឹកអ្នកដំណើរប្រភេទធម្មតា អាចធ្វើដំណើរបានក្នុងល្បឿនប្រហែល ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែសម្រាប់យន្តហោះប្រភេទ Overture នេះវិញគេរំពឹងថា អាចហោះបានលឿនជាងនេះគុណនឹង២ ដែលមានល្បឿនប្រមាណ ១,៨០៥គីឡូម៉ែត្រក្នុងមួយម៉ោង៕