ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់ទីតាំងរូបសំណាក «ព្រះថោងនាងនាគ» ដែលបានដំឡើងរួចរាល់ជាស្ថាពរ។ សម្ដេចទាំងពីរក៏បានថតរូបអនុស្សាវរីយ៍នៅទីតាំងរូបសំណាកនោះផងដែរ។
សូមជម្រាបថា រូបបដិមា «ព្រះថោង នាងនាគ» គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕