វ៉ាស៊ីនតោន/សេអ៊ូល៖ នាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln កំពុងប្រតិបត្តិការនៅក្នុងដែនទឹក ពីឧបទ្វីបកូរ៉េ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា នាវាទាំងនោះត្រូវបានដាក់ពង្រាយចំពេលមានភាពតានតឹងជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។
នាវានេះស្ថិតនៅក្នុងសមុទ្រជប៉ុន ដែលត្រូវបានគេស្គាល់ថាជាសមុទ្រខាងកើត សម្រាប់សមយុទ្ធជាមួយកងកម្លាំងជប៉ុន ដើម្បីធានាដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់។ ចំណាត់ការនេះកើតឡើងនៅពេលដែលមន្ត្រីអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងថាកូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដីនៅប៉ុន្មានថ្ងៃខាងមុខនេះ។
នេះជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ២០១៧ ដែលក្រុមនាវាផ្ទុកយន្តហោះ បានដាក់ពង្រាយក្នុងដែនទឹករវាងកូរ៉េខាងត្បូង និងជប៉ុន។ នៅឆ្នាំនោះនាវា USS Ronald Reagan, Theodore Roosevelt និង Nimitz ត្រូវបានដាក់ពង្រាយក្នុងការបង្ហាញកម្លាំងលើការសាកល្បងកាំជ្រួច និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះដែលបាននិយាយថា នាវា USS Abraham Lincoln នឹងធ្វើប្រតិបត្តិការនៅក្នុងតំបន់នេះរយៈពេល៣ ទៅ ៥ថ្ងៃ៕