អន្តរជាតិ៖ អង្គការសហប្រជាជាតិកំពុងតាមដានលើករណីរំលោភសេពសន្ថវៈ និងអំពើហឹង្សាផ្លូវភេទនៅក្នុងប្រទេសអ៊ុយក្រែន នេះបើមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ ទី១១ ខែមេសា។
ប្រធានក្រុមសិទ្ធិមនុស្សអ៊ុយក្រែន លោកស្រី Kateryna Cherepakha បាននិយាយថា លោកស្រីបានរាយការណ៍អំពីករណីទាហានរុស្ស៊ី រំលោភសេពសន្ថវៈចំនួន ៩ករណីដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារីចំនួន ១២នាក់។
ករណីនេះត្រូវបានរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀត។
អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីសប្តាហ៍មុនថា អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកំពុងស្វែងរកការផ្ទៀងផ្ទាត់ការចោទប្រកាន់នៃអំពើហឹង្សាផ្លូវភេទដោយកងកម្លាំងរុស្ស៊ី រួមទាំងការចាប់រំលោភបូក និងការរំលោភនៅចំពោះមុខកុមារ ហើយអះអាងថាកងកម្លាំងអ៊ុយក្រែន និងកងជីវពលការពារស៊ីវិលក៏បានប្រព្រឹត្តអំពើហឹង្សាផ្លូវភេទផងដែរ។
ឯកអគ្គរដ្ឋទូតរងអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃច័ន្ទ ដោយចោទប្រកាន់អ៊ុយក្រែន និងសម្ព័ន្ធមិត្តថា «ដូចដែលយើងបាននិយាយច្រើនជាងម្តង ថារុស្ស៊ីមិនធ្វើសង្រ្គាមជាមួយប្រជាជនស៊ីវិលទេ»។
នាយកប្រតិបត្តិរបស់ UN Women លោកស្រី Sima Bahous បាននិយាយថា ការចោទប្រកាន់ទាំងអស់ត្រូវតែត្រូវបានស៊ើបអង្កេតដោយឯករាជ្យ ដើម្បីធានាបាននូវយុត្តិធម៌ និងគណនេយ្យភាព។
ក្នុងចំណោមទាហាន និងជនស៊ីវិលប្រហែល ១ ៧០០នាក់ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនដោយរុស្ស៊ី និងអ្នកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីក្នុងនោះមានស្ត្រី ៥០០នាក់ ៕