លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

បទយកការណ៍៖ វត្តអារាមនិងទីប្រជុំជនមួយចំនួនរៀបចំពិធីកម្សាន្តនានាសម្រាប់បុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ វត្តអារាមនិងទីប្រជុំជនមួយចំនួននៅតាមជាយរាជធានីភ្នំពេញខ្លះកំពុងប្រារព្ធ និងខ្លះកំពុងរៀបចំ តុបតែងភូមិឋានសម្រាប់រៀបចំកម្មវិធីកម្សាន្តផ្សេងៗតាមបែបប្រពៃណី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំនេះ នឹងឈានចូលមកដល់តែប៉ុន្មានថ្ងៃខាងមុខនេះទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២២។

នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានបើកឲ្យមានការប្រារព្ធពិធីនេះឡើងវិញ ដោយមានការរៀបចំការលេងកម្សាន្តនៅតាមទីប្រជុំជន ក៏ដូចជារមណីយដ្ឋាននានានៅក្នុងប្រទេស បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

ស្របពេលការខិតជិតមកដល់ថ្ងៃចូលឆ្នាំប្រជាពលរដ្ឋកម្ពុជាបាននាំគ្នារៀបចំពិធីកម្សានផ្សេងៗរួមមានបុណ្យភូមិ បុណ្យសង្ក្រាន នៅតាមវត្តអារាម និងភូមិឋានមួយចំនួនយ៉ាងមមាញឹកផងដែរ។ បុណ្យភូមិ បុណ្យសង្ក្រាន មួយចំនួនត្រូវបានរៀបចំឡើងនៅមុនថ្ងៃចូលឆ្នាំដើម្បីឲ្យប្រជាពលរដ្ឋទូទៅបានទៅកម្សាន្តមុនពេលនៃការបែកគ្នាទៅកាន់ស្រុកកំណើតរៀងខ្លួន។ រីឯពិធីបុណ្យខ្លះ គេរៀបចំប្រព្រឹត្តឡើងឲ្យត្រូវនឹងថ្ងៃចូលឆ្នាំដើម្បីអបអរទទួលទេវតាឆ្នាំថ្មី ក៏ដូចជាបង្កើតបរិយាកាសសប្បាយរីករាយនៅក្នុងតំបន់។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេច្រើននាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជាលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និងរាំវង់ជាដើម ព្រមទាំងមានរបាំត្រុដិផងដែរ។ គេរៀបចំទីកន្លែងសម្រាប់ធ្វើបុណ្យនេះនៅតាមវត្តអារាម ឬប្រជុំជនមានមនុស្សច្រើន។

ជាក់ស្ដែង ពិធីបុណ្យភូមិ របស់ក្រុមភ្លើងគប់នៅឆ្នាំនេះ បានធ្វើឡើងនៅថ្ងៃទី៨ ដល់ទី១០ ខែមេសា ឆ្នាំ២០២២ ក្នុងបរិវេណវត្តស្វាយអណ្ដែត ខេត្តកណ្ដាល ដែលជាពិធីបុណ្យមួយទាក់ទាញយុវវ័យ និងប្រជាជននៅក្នុងតំបន់នេះទៅលេងយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនេះ គេរៀបចំតុបតែងលម្អបែបប្រពៃណីខ្មែរដោយរៀបចំចង ទង់ខ្សែមានពណ៌ចម្រុះ ការដាក់តាំងឧបករណ៍បុរាណមានដូចជាអង្រុត ទ្រូ អមជាមួយស្លឹកត្នោត ស្បូវ ចំបើង និងឧបករណ៍ភ្លេងបុរាណផ្សេងៗ។ ក្រៅពីនោះ គេមានរៀបចំការកម្សាន្តជាច្រើនផ្នែក រួមមានការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំ ល្ខោន យីកេ ចម្រៀង យ៉ាងច្រើនសម្បូរបែប។

សហស្ថាបនិកពិធីបុណ្យភូមិ កញ្ញា លម្អ ពេជ្រ បានឲ្យដឹងថានេះជាការប្រារព្ធពិធីបុណ្យភូមិលើកទី៩ របស់ក្រុមភ្លើងគប់ ដោយបានជ្រើសរើសវត្តស្វាយអណ្ដែតជាទីតាំងធ្វើពិធីដោយសារមានទីធ្លាធំសមល្មម និងជាកន្លែងរក្សាវប្បធម៌មួយផងដែរ។

កញ្ញាបានឲ្យដឹងទៀតថា បន្ទាប់ពីផ្អាកពីរឆ្នាំដោយសារជំងឺកូវីដ បុណ្យភូមិនៅឆ្នាំនេះមានលក្ខណៈពិសេសជាងមុន ដោយធ្វើឡើងមានរយៈពេលពីរសប្ដាហ៍គឺ សប្ដាហ៍ទីមួយធ្វើនៅក្នុងក្រុងភ្នំពេញ និងសប្ដាហ៍ទីពីរធ្វើនៅខេត្តកណ្ដាលគឺវត្តស្វាយអណ្ដែត ដើម្បីបង្កើតបរិយាកាសពីរខុសគ្នាសម្រាប់អ្នកចូលរួម។

កញ្ញានិយាយថា៖ «លក្ខណៈពិសេសរបស់មហោស្រពបុណ្យភូមិនៅក្នុងឆ្នាំនេះគឺដោយសារយើងបានប្រព្រឹត្តទៅមានរយៈពេលពីរសប្ដាហ៍ ហើយថ្ងៃនេះយើងធ្វើនៅទីតាំងវត្តស្វាយអណ្ដែតជាសប្ដាហ៍ទីពីរ ដែលនៅក្នុងនោះយើងបានពាំនាំនូវអ្វីដែលយើងមិនបានធ្វើរួមគ្នារយៈពេលពីរឆ្នាំហ្នឹងត្រឡប់មកវិញ ហើយនៅក្នុងទឹកដីមួយដែលពោរពេញទៅដោយសិល្បៈ គឺជាវត្តស្វាយអណ្ដែតដែលត្រូវបានគេស្គាល់ជាវត្តល្ខោនខោល»។

កញ្ញាបន្តថា ការរៀបចំពិធីបុណ្យភូមិក្នុងវត្តស្វាយអណ្ដែត គឺជាការរួមបញ្ចូលគ្នារវាងអតីតកាល និងអនាគតកាល ដោយមានការដាក់តាំងឧបករណ៍ភ្លេងបុរាណមកដាក់តាំង អមជាមួយរបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងតំបន់។

កញ្ញាបន្ថែមថា៖ «នៅក្នុងសប្ដាហ៍ទីពីរនេះ យើងរួមបញ្ចូលគ្នាអំពីអនាគតកាល ជាមួយអតីតកាលចូលគ្នា ដោយមានការប្រើប្រាស់នូវឧបរកណ៍ក៏ដូចជាសម្ភារៈផ្សេងៗដែលមាននៅក្នុងភូមិស្រុកដូចជា ចំបើង ស្លឹកត្នោត ស្លឹកដូង ហើយនៅក្នុងវត្តស្វាយអណ្ដែតនេះដែរគាត់មានជាឧបករណ៍ភ្លេងខ្មែរច្រើនមែនទែន ដែលយើងបានបង្កើតទៅជាកន្លែងថតរូបបុណ្យភូមិមួយដែលយើងផ្ដោតទៅលើសិល្បៈឧបករណ៍ភ្លេងខ្មែរ ដែលក្នុងនោះមានដូចជាស្គរ គង ស្បែកធំ។ ចំណែកឆាកតន្ត្រីយើងច្នៃវាឲ្យស៊ីជាមួយបរិយាកាសនៅទីវត្តអារាមនេះ» ។

ខុសប្លែកពីបុណ្យភូមិ នៅឯភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានមូលមតិគ្នារៀបចំធ្វើកម្មវិធីសង្ក្រានឆ្នាំថ្មី ដោយមានការតុបតែងចងទង់ជ្វាលានៅតាមបណ្ដោយផ្លូវបេតុង និងចងទង់រលកខ្វាត់ខ្វែងពីលើផ្លូវនោះ។

ចាស់ទុំនៅក្នុងភូមិដែលអ្នកផ្ដើមរៀបចំកម្មវិធី គឺលោក គុយ អួន វ័យ៧០ឆ្នាំ បានឲ្យដឹងថា លោកនិងប្រជាពលរដ្ឋនៅក្នុងភូមិតែងរៀបចំពិធីសង្ក្រានជារៀងរាល់ឆ្នាំ លើកលែងតែពីរឆ្នាំកន្លងទៅតែប៉ុណ្ណោះ។

លោកបានឲ្យដឹងទៀតថា នៅក្នុងកម្មវិធីរបស់លោកមានការកម្សាន្តល្បែងប្រជាប្រិយជាច្រើនរួមមានទាញព្រ័ត្រ វាយក្អម លោតបាវ ប្រណាំងកង់យឺត និងមានការរាំវង់ សារ៉ាវ៉ាន់ផងដែរ។

លោកបន្តថា ការរៀបចំពិធីនេះ គឺដើម្បីបង្កើតភាពសប្បាយរីករាយទៅដល់ក្មេងៗនិងយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅទាំងក្នុងនិងក្រៅមូលដ្ឋានមកលេងកម្សាន្ត ជាពិសេសគឺដើម្បីថែរក្សាប្រពៃណី និងល្បែងប្រជាប្រិយទាំងនោះឲ្យក្មេងៗបានស្គាល់។

លោកនិយាយថា៖ «មូលហេតុអីដែលខ្ញុំចង់ឲ្យលេងល្បែងប្រជាប្រិយ គឺដើម្បីឲ្យមានរំលឹកឡើង ព្រោះអីក្មេងៗខ្លះច្រើនតែទៅលេងល្បែងស៊ីសង យើងមិនចង់ឲ្យមានអញ្ចឹង។ បង្កើតអញ្ចឹងឡើងគឺដើម្បីឲ្យក្មេងវាចេះលេង ហើយឲ្យវាមានសាមគ្គីគ្នា ហើយជាកីឡាមួយផង។ ហើយយើងចាស់ៗបើមិនបានលេងក៏បានឈរសើចសប្បាយដែរ ពេលខ្លះទាញព្រ័ត្រចាស់ៗក៏រត់មកជួយទាញដែរ អាហ្នឹងកន្លងមកវាអញ្ចឹង វាសប្បាយ!»។

លោកបន្ថែមទៀតថា ប្រជាពលរដ្ឋរួមទាំងលោកផ្ទាល់កំពុងរង់ចាំទទួលទេវតាឆ្នាំថ្មីដោយក្ដីរីករាយ ដោយបានប្រញាប់ប្រញាល់រៀបចំកម្មវិធីនេះតាំងពី៣សប្ដាហ៍មុនមកម្ល៉េះ ដែលមានជាការរៀបចំចងទង់ជ្លាលាចម្រុះពណ៌ ទង់រលកព័ទ្ធខ្វាត់ខ្វែងពីលើ រួមមានទាំងការចងបដាធំៗចំនួនពីរដែលសរសេរថា «សួស្ដីឆ្នាំថ្មី ល្បែងប្រជាប្រិយខ្មែរ»។ លោកបានចងក្អមជាមួយទង់រលកនៅខាងលើផ្លូវសម្រាប់លេងល្បែងវាយក្អម និងបានត្រៀមខ្សែពួរធំមួយ ប្រវែងជាង៣០ម៉ែត្រសម្រាប់លេងល្បែងទាញព្រ័ត្រ ព្រមទាំងបានត្រៀមល្បែងប្រជាប្រិយផ្សេងៗទៀតផងដែរ។

លោកបញ្ជាក់់ថា ប្រជាពលរដ្ឋមកពីគ្រប់មូលដ្ឋានអាចមកលេងកម្សាននៅក្នុងពិធីដែលលោកបានរៀបចំនេះ ដោយមិនប្រកាន់ក្មេងចាស់ប្រុសស្រីនោះឡើយ។

លោកសំណូមពរឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយឲ្យនាំគ្នាមកលេងល្បែងប្រជាប្រិយនិងរាំលេងកម្សាន្តជំនួសឲ្យការលេងល្បែងស៊ីសង និងប្រព្រឹត្តអំពើពាលាផ្សេងៗនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

លោកនិយាយថា៖ «ការរៀបចំនេះយើងអត់ប្រកាន់ទេអ្នកណាក៏មកលេងបានដែរ បើថាពេលលេងទាញព្រ័ត្រគ្រប់ផ្ទះគឺរត់មកលេងតែម្ដង គឺអត់ប្រកាន់ទេ ខ្លះជិះពីណាមកត្រូវលេងគឺលេងទាំងអស់គ្នាហ្នឹងហ្មង សប្បាយ! ហើយនៅហ្នឹងលេងកន្លងមក ដូចអត់ដែលមានបញ្ហាឈ្លោះគ្នាអីទេ គឺថាចេះយោគយល់គ្នា។ ខ្ញុំសប្បាយចិត្តនៅពេលឃើញប្រជាជនគាត់មកលេងអីអញ្ចឹងៗ ហើយយើងបង្កើតឲ្យមានភាពសាមគ្គីគ្នារវាងប្រជាជន។ធម្មតាយើងបង្កើតឲ្យសប្បាយក្នុងចូលឆ្នាំ អ្នកណាក៏សប្បាយដែរ អាអត់ត្រូវសប្បាយក៏មកសប្បាយនឹងយើងដែរ ដូចនេះធ្វើឲ្យយើងអ្នកដឹកនាំក៏សប្បាយដែរ» ។

ទោះបីជាការបង្កើតកម្មវិធីកម្សាន្តរបស់លោកកន្លងមកមិនមានបញ្ហាក៏ដោយ ក៏លោកស្នើឲ្យមានប្រជាការពារមកការពារសុវត្ថិភាពក៏ដូចជាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយនៅក្នុងការមកលេងកម្សាន្តរបស់ប្រជាពលរដ្ឋ។

អ្នកផ្ដើមរៀបចំកម្មវិធីម្នាក់ទៀត គឺលោក ផេង ណុន ដែលមានវ័យ៧៩ឆ្នាំ បានឲ្យដឹងថាទីតាំងភូមិយកបាត្រនេះ គឺជាទីតាំងដែលមានការរៀបចំកម្មវិធីកម្សាន្តនានាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរតាំងពីយូរមកហើយ ប៉ុន្តែទើបតែត្រូវអាក់ខានពីរឆ្នាំកន្លងមកនេះ។ លោកបន្តថា ប្រជាពលរដ្ឋនៅទីនេះបានសហការរៀបចំតុបតែងលម្អ និងចូលរួមលេងកម្សាន្តដោយមិនមានការប្រកាន់អ្វីនោះឡើយ។ ជារៀងរាល់ឆ្នាំក្រៅពីអ្នកនៅក្នុងមូលដ្ឋាន លោកបានឲ្យដឹងថាប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងក៏នាំគ្នាមកលេងកម្សានយ៉ាងកកកុញផងដែរ។

លោកនិយាយថា៖ «ការរៀបចំមានដេគ័រអីគ្រប់សព្វនេះ គឺយើងខាន២ឆ្នាំកាលកូវីដទេ ដល់ឥឡូវបានសម្ដេចគាត់បើកទូលាយឲ្យបានចូលឆ្នាំចូលខែវិញ បានបងប្អូនកូនក្មួយរៀបចំកម្មវិធីនេះសប្បាយ ពីព្រោះថាកន្លែងនេះគឺជាកន្លែងសប្បាយរហូតមកហើយ គ្មានកន្លែងណាសប្បាយដូចនេះទេ ចាំមើលតែពេលថ្ងៃចូលឆ្នាំគឺនាំគ្នាមកពេញទឹកពេញដីហើយ»។

លោកបន្ថែមថា ទោះបីជាការរៀបចំកម្មវិធីនេះមានអ្នកចូលរួមមកច្រើននិងដោយសេរី ប៉ុន្តែត្រូវមានវិធានការសុខាភិបាលការពារខ្លួន និងអ្នកដទៃពីការឆ្លងជំងឺកូវីដ-១៩ផងដែរ។

អត្ថន័យនៃការរៀបចំពិធីបុណ្យភូមិ ឬសង្ក្រាន ព្រមទាំងមានលេងល្បែងប្រជាប្រិយ គឺជាការបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នកស្រុកព្រៀងលាន ដែលជាកត្ដាបង្កើតភាពស្និទ្ធស្នាលនិងសាមគ្គីភាព។

ទន្ទឹមគ្នានេះ ជនជាតិខ្មែរតែងនាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិជារៀងរាល់ឆ្នាំ ព្រោះគេយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុងផ្នត់គំនិតនិងសាសនា។ ខ្មែរមានជំនឿថាក្នុងអំឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ទុក្ខសោកផ្សេងៗ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ ស្លៀកពាក់ថ្មីៗ នាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសិរីសួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក