ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ បានយាងដល់រាជធានីភ្នំពេញវិញហើយនៅល្ងាចថ្ងៃអង្គារ៍ ទី១២ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនកាលពីខែមីនា ឆ្នាំ២០២២។
ព្រះទីនាំងយន្តហោះព្រះមហាក្សត្របានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ ៤និង១៥នាទីរសៀលនេះ។ មន្ត្រីដែលបានទៅទទួលស្វាគមន៍ព្រះមហាក្សត្រនៅព្រលានយន្តហោះរួមមាន ប្រធានព្រឹទ្ធិសភា សម្ដេចវិបុលសេនា សាយ ឈុំ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត។
ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានអញ្ជើញទៅពិនិត្យព្រះរាជសុខភាពនៅឯប្រទេសចិនកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
ជាទូទៅព្រះមហាក្សត្រ និងសម្ដេចម៉ែ តែងយាងទៅប្រទេសចិនពិនិត្យសុខភាពជាទៀងទាត់ ២ដង ក្នុង១ឆ្នាំ នៅប្រទេសចិន៕
PHOTO: EAC NEWS