បាត់ដំបង៖ ថ្លែងក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ ដែលប្រព្រឹត្តធ្វើឡើងនៅមណ្ឌលកីឡដ្ឋានបាល់ទាត់វាលបែកចាន ស្ថិតក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមដ៏យូរអង្វែង បើទោះជាមានការថយចុះក្នុងឆ្នាំ២០២០ និង២០២១ ក៏ដោយ ក៏ប៉ុន្តែគ្រោះថ្នាក់នេះមាននិន្នាការកើនឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។
សម្ដេចបានបញ្ជាក់ថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាការក្រើនរំលឹកនិងពញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គោរពច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យនៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវនាំមកនូវសុវត្ថិភាព និងភាពរីករាយ ការជួបជុំគ្រួសារក្នុងសង្គមជាតិកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ច ជាពិសេសមានផ្លូវស្ពានតភ្ជាប់ទៅគ្រប់ទិសតំបន់នៅក្នុងប្រទេសនិងតភ្ជាប់ជាមួយប្រទេសជិតខាងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរជាលំដាប់។
សម្ដេចក្រឡាហោមថ្លែងថា៖ «ដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាហានិភ័យបង្កនូវគ្រោះមហន្តរាយដល់អាយុជីវិតមនុស្ស បង្កការបាត់បង់កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន ដែលត្រូវទាមទារនូវការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ»។
បើតាមសម្ដេចក្រឡាហោម គ្រោះថ្នាក់ចរាចរណ៍មានអាត្រាស្លាប់និងរបួសច្រើនជាងគ្រោះថ្នាក់ផ្សេងៗ ដែលជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន ៥នាក់ និងអ្នករបួសចំនួន ១៤នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ៨៦៩លើក កើនឡើងចំនួន ១០៦ ខណៈចំនួនអ្នកស្លាប់មានចំនួន ៤៩៣នាក់កើនឡើង ៦០នាក់។