អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថារុស្ស៉ីអាចប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន និងបានអំពាវនាវឲ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មយ៉ាងខ្លាំងបន្ថែមទៀតលើទីក្រុងមូស្គូដែលអាចរារាំងសកម្មភាពនេះបាន។
លោក Zelenskiy បាននិយាយថា៖ «យើងចាត់ទុករឿងនេះដោយធ្ងន់ធ្ងរបំផុត។ ខ្ញុំចង់រំលឹកមេដឹកនាំពិភពលោកថា លទ្ធភាពនៃការប្រើប្រាស់អាវុធគីមីដោយយោធារុស្ស៊ីត្រូវបានពិភាក្សារួចហើយ។ នៅពេលនេះវាមានភាពចាំបាច់ក្នុងការបញ្ចេញប្រតិកម្មឲ្យបានខ្លាំងក្លា និងលឿនជាងមុនប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី»។
លោក Petro Andryushchenko ដែលជាជំនួយការរបស់អភិបាលក្រុង Mariupol បានសរសេរលើរបាយការណ៍ Telegram របស់គាត់អំពីការវាយប្រហារដោយសារធាតុគីមីមិនត្រូវបានគេបញ្ជាក់ ហើយថាគាត់រំពឹងថានឹងផ្តល់ព័ត៌មានលម្អិត និងការបំភ្លឺនៅពេលក្រោយ។
លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកបានដឹងអំពីរបាយការណ៍នេះ។
លោក Kirby បាននិយាយថា៖ «យើងមិនអាចបញ្ជាក់បានទេនៅពេលនេះ ហើយនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។ របាយការណ៍ទាំងនេះ ប្រសិនបើជាការពិត គឺមានការព្រួយបារម្ភយ៉ាងខ្លាំង និងឆ្លុះបញ្ចាំងពីការព្រួយបារម្ភដែលមានអំពីសក្តានុពលរបស់រុស្ស៊ី»។
ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់បានផ្លាស់ទីលំនៅបានផ្លាស់ប្តូរពីច្រកទ្វារនៃទីក្រុងគៀវ ទៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីគឺជាជម្រើសមួយ៕