រដ្ឋមន្ត្រីក្រសួងសុខាភិបាលឱ្យខេត្តដែលដកកាតាព្វកិច្ចពាក់ម៉ាស់ទាំង៤ត្រៀមលក្ខណៈឆ្លើយតបករណីផ្ទុះរាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានណែនាំដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធរខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់លើករណីជំងឺកូវីដ-១៩ ក្នុងខេត្តរៀងខ្លួន និងត្រូវត្រៀមលក្ខណៈដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាក្នុងករណីមានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ក្នុងខេត្ត។
ក្នុងលិខិតផ្ញើជូនប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានណែនាំពីវិធានការនៃការដកកាតាព្វកិច្ចពាក់ម៉ាស់ក្នុងខេត្តទាំង៤ដោយថា ចាប់ពីពេលនេះទៅទាំងពលរដ្ឋដែលរស់នៅក្នុងខេត្ត ឬអ្នកដែលធ្វើដំណើរចូលខេត្តទាំង៤នេះគឺពុំមានកាតាព្វកិច្ចតម្រូវឱ្យពាក់ម៉ាស់ទៀតទេ លើកលែងតែអ្នកជំងឺកូវីដ-១៩ និងអ្នកដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ប៉ុណ្ណោះ។ នៅពេលដែលពលរដ្ឋចាកចេញពីខេត្តទាំង៤នោះកាតាព្វកិច្ចពាក់ម៉ាស់ត្រូវអនុវត្តន៍ភ្លាម។
ក្រៅពីណែនាំដល់ពលរដ្ឋលោករដ្ឋមន្ត្រីក៏បានបញ្ជាដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធរខេត្តទាំង៤ដែលត្រូវបានដកកាតាព្វកិច្ចពាក់ម៉ាស់ឱ្យត្រៀមក្រុមគ្រូពេទ្យ សម្ភារៈបរិក្ខាពេទ្យ និងឱសថព្យាបាលជំងឺកូវីដ-១៩ រួមទាំងឧបករណ៍តេស្តអង់ទីហ្សែនកូវីដ-១៩ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលាក្នុងការករណីដែលមានការផ្ទុះឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ជាយថាហេតុ ក្នុងចំណោមក្រុមប្រជាជននៅក្នុងទីតាំងណាមួយព្រមទាំងចូលរួមសហការ និងរាយការណ៍ពីករណីសង្ស័យដែលអាចនាំឱ្យការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូវីដ-១៩។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់ប្រជាជនក្នុងខេត្តទាំង៤ ត្រូវប្រញាប់ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីមានការសង្ស័យដូចជាចេញរោគសញ្ញាក្ដៅខ្លួន ក្អក ឬរោគសញ្ញាផ្លូវដង្ហើម ផ្នែកខាងលើ (តឹងច្រមុះ ហៀសំបោរ រមាស់ក ស្អកក ឈឺក ជាដើម)។
លោកក៏បានឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំង៤ ធ្វើរបាយការណ៍ប្រចាំថ្មីពីករណីជំងឺកូវីដ-១៩ ដែលរកឃើញតាំងពីចាប់ផ្ដើមអនុវត្តការលើកលែងកាតាព្វកិច្ចពាក់ម៉ាស់នេះទៅគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តទាំង៤ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា៖ «គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងធ្វើបច្ចុប្បន្នភាពពីលក្ខខណ្ឌលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ យោងតាមភាពចាំបាច់ និងស្ថានភាពវិវត្តន៍ជាក់ស្ដែងនៃមេរោគកូវីដ-១៩»។
កាលពីថ្ងៃទី១០ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយទុកលទ្ធភាពឱ្យពលរដ្ឋដែលរស់នៅ និងចូលទៅលេងជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាសដោយខ្លួនឯង។
ក្នុងសារពិសេសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា ការសម្រេចដកកាតាព្វកិច្ចពាក់ម៉ាស់ពីខេត្តទាំង៤នេះ ដើម្បីសាកល្បងភាពធន់សហគមន៍ដែលកម្ពុជាបានអនុវត្តបានជោគជ័យនាពេលកន្លងមក៕