ឯកអគ្គរដ្ឋទូតឥណ្ឌា៖ សម្ដេចតេជោពិតជាសាកសមនឹងទទួលបានការកោតសរសើរចំពោះការចាក់វ៉ាក់សាំងជូនប្រជាជន
ភ្នំពេញ៖ សាធារណៈរដ្ឋឥណ្ឌាបានប្រគល់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៣២ម៉ឺន ៥ពាន់ដូស ដល់កម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងពិធីប្រគល់វ៉ាក់សាំងនោះរដ្ឋទូតឥណ្ឌាបានកោតសរសើរចំពោះសម្ដេចតេជោនឹងលើកឡើងថា សម្ដេចពិតជាសាកសមនឹងទទួលបានការកោតសរសើរចំពោះការចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនក្នុងរយៈពេលយ៉ាងលឿនបំផុត។
ពិធីប្រគល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astrazenecaនេះ ធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី ទេវ្យ៉ានី ឃុប្រាហ្គឺដេ (Devyani Khobragade)។
លោកស្រី ទេវ្យ៉ានី ឃុប្រាហ្គឺដេ បានថ្លែងថា ជំនួយវ៉ាក់សាំងចំនួន ៣២៥ ០០០ដូស ជូនដល់កម្ពុជាគឺជាការវេជ្ជរ៉ាសុឆន្ទៈដើម្បីសម្ពោធកម្មវិធីផ្ដួចផ្ដើមវាក់សាំងនៃប្រទេសចតុភាគីដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩។
លោកស្រីលើកឡើងថា៖ «ប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើមប្រមូលផ្ដុំ ដោយមិនមានការរឹតត្បិតលើចំនួនមនុស្ស ហើយសកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមពេញលេញវិញ ពួកយើងសូមអរគុណដល់ការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខិតខំប្រឹងប្រែងដោយមិននឿយហត់ក្នុងការដឹកនាំក្រសួងសុខាភិបាលគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាសាកសមនឹងទទួលបានការកោតសរសើរផងដែរ ចំពោះការចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនក្នុងរយៈពេលយ៉ាងលឿនបំផុតក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក»។
កម្មវិធីផ្ដួចផ្ដើមវ៉ាក់សាំងប្រទេសចតុភាគី រួមមានប្រទេសឥណ្ឌា អូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក ដែលប្រទេស៤នេះបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជាប្រមាណជិត ៥លានរួចមកហើយ។
កម្ពុជាប្រើពេល ៨ខែ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដែលអាចបង្កើតនូវប្រព័ន្ធភាពសាំសង្គមនិងអាចបើកសង្គមសេដ្ឋកិច្ចបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់ប្រទេសឥណ្ឌា និងប្រទេសក្នុងគំនិតផ្ដួចផ្ដើមចតុភាគីដែលផ្ដល់វ៉ាក់សាំងជាបន្តបន្ទាប់មកកាន់កម្ពុជា។ សម្ដេចបានលើកឡើងថាប្រទេសកម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងគឺជាយុទ្ធសាស្ត្រដើម្បីបង្កើតនូវប្រព័ន្ធភាពសាំសហគមន៍រឹងមាំប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដែលអាចមើលឃើញពីប្រសិទ្ធភាពនៅពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មីអូមីក្រុងនៅពេលនេះ។
សម្ដេចថា៖ «យើងមិនត្រូវភ្លេចខ្លួន ដោយប្រទេសជាច្រើននៅទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់អាចបើកដំណើរការស្ថានភាពសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញបាននៅឡើយ។ ការអូសបន្លាយនៃការឆ្លងរាលដាលគឺជាហានិភ័យសម្រាប់យើងទាំងអស់គ្នា ដែលអាចបង្កឱ្យមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ក៏ដូចជាការធ្លាក់ចូលក្នុងវិបត្តិសង្គមសេដ្ឋកិច្ច។ ក្នុងស្មារតីនេះកម្ពុជាសូមលើកទឹកចិត្តដល់ការជំរុញនិងពន្លឿនការចាក់វ៉ាក់សាំងបង្កើតភាពសាំសហគមន៍ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាព»។
សម្ដេចបានលើកឡើងថា ឥណ្ឌាគឺជាដៃគូរនិងប្រទេសជាមិត្តដ៏រឹងមាំមួយរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៨១ បន្ទាប់ពីការដួលរលំទៅរបស់ខ្មែរក្រហម ប្រទេសឥណ្ឌាបានចូលរួមជួយដល់កម្ពុជាដើម្បីស្ដារសង្គម សេដ្ឋកិច្ច តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន។
គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណ ៩២,៧៩% នៃពលរដ្ឋសរុបជាង ១៦លាននាក់។ វ៉ាក់សាំងដែលប្រើប្រាស់នៅកម្ពុជាមាន Sinopharm AstraZeneca Sinovac Janssen Mondena និង Pfizer៕