ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បទយកការណ៍៖ អាជីវករនិងប្រជាពលរដ្ឋមមាញឹកទិញដូរទំនិញផ្សេងៗសម្រាប់ត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ អាជីវករនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកលក់ដូរនិងទិញឥវ៉ាន់ ដែលភាគច្រើនជាគ្រឿងតង្វាយនិងតុបតែងគេហដ្ឋានដើម្បីត្រៀមទទួលទេវតាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិធីបុណ្យជាតិមួយដែលប្រជាជនកម្ពុជាតែងតែប្រារព្ធយ៉ាងអធិកអធមទូទាំងប្រទេស ជាពេលដែលប្រជាពលរដ្ឋគ្រប់រូប ត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ។

ពិធីបុណ្យនេះកំណត់ជារៀងរាល់ថ្ងៃទី១៣ ឬថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំ មានរយៈពេលបីថ្ងៃ ដែលថ្ងៃទីមួយ ជាថ្ងៃមហាសង្ក្រាន ថ្ងៃទីពីរ ជាថ្ងៃវិរៈវ័នបត និងថ្ងៃទីបីជាថ្ងៃឡើងស័ក។

មុនចូលឆ្នាំថ្មីមកដល់ ប្រជាជនខ្មែរគ្រប់រូបតែងនាំគ្នារៀបចំសម្អាតផ្ទះសំបែង និងតុបតែងលម្អផ្ទះដោយការព្យួរគោមផ្កាយ ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ នឹងនាំមកនូវសិរីសួស្ដីលាភសំណាងមកដល់ពួកគេ។ ជាមួយគ្នានេះ ក៏មានការរៀបចំគ្រឿងតង្វាយ ផ្កាភ្ញី ម្ហូបអាហារ សម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មី និងសម្រាប់យកទៅប្រគេនព្រះសង្ឃនៅវត្តអារាមផងដែរ។

សម្រាប់ឆ្នាំនេះ មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។

ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក ល្ង ព្រះហស្ដស្តាំទ្រង់កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។

នៅតាមបណ្ដាផ្សារលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ គេឃើញមានអាជីវករ ដាក់លក់គោមផ្កាយ បាយសី ផ្កាភ្ញី ជាគ្រឿងតុបតែងលម្អ ជាពិសេសគឺសណ្ដែក ល្ង ដែលជាតង្វាយសម្រាប់ទទួលទេវតាឆ្នាំថ្មី។

អាជីវករម្នាក់លក់សណ្ដែក ល្ងនៅផ្សារអូរឬស្សី ក្នុងរាជធានីភ្នំពេញអ្នកស្រី តាង គីមម៉ី បានឲ្យដឹងថា នៅឆ្នាំនេះអ្នកស្រីលក់ទំនិញដាច់ជាងឆ្នាំមុនៗ ជាពិសេសសណ្ដែក ល្ងដែលជាដង្វាយទេវតានៅក្នុងឆ្នាំនេះ។ ក្រៅពីរបស់ទាំងពីរមុខនេះ អ្នកស្រីបានឲ្យដឹងបន្ថែមថា គ្រាប់ពោត គ្រាប់ជី ស្រូវ ជាគ្រាប់ធុញ្ញជាតិ ព្រមទាំងគ្រឿងទេសមួយចំនួនក៏លក់ដាច់ដូចគ្នា ព្រោះប្រជាពលរដ្ឋទិញសម្រាប់ទុកចម្អិនអាហារនៅថ្ងៃចូលឆ្នាំ។

អ្នកស្រីបានឲ្យដឹងទៀតថា អ្នកស្រីលក់ប្រភេទគ្រាប់ធុញ្ញជាតិដែលក្នុងនោះរួមមានទាំងសណ្ដែក ល្ងអស់ជាង១០០គីឡូក្រាមក្នុងមួយថ្ងៃ។ ចំពោះតម្លៃនៃទំនិញទាំងអស់នេះ អ្នកស្រីថាមិនមានការឡើងថ្លៃនោះទេ បើធៀបជាមួយថ្ងៃធម្មតា។

អ្នកស្រីនិយាយថា៖ «អតិថិជនមកទិញចម្រុះមុខ គ្រាន់តែសណ្ដែកដែលលក់ដាច់ជាងគេគឺសណ្ដែកខៀវ ដែលខ្មែរយើងខ្លះហៅសណ្ដែកបាយ។ និយាយទៅដោយសារតែជិតចូលឆ្នាំខ្មែរ តម្រូវការសណ្ដែកហ្នឹងមានការកើនឡើងជាងពេលធម្មតា ដោយសារតែទេវតាឆ្នាំហ្នឹងគាត់សោយសណ្ដែក ល្ង អញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងគាត់ត្រូវការសណ្ដែក ល្ងដើម្បីទៅសែនទេវតាឆ្នាំថ្មី។ និយាយទៅ ចំពោះតម្លៃវិញ គឺតម្លៃខុសៗគ្នា ហើយតម្លៃគឺខ្ញុំលក់ដូចពេលធម្មតាអញ្ចឹង អត់មានថាកៀកបុណ្យទានលក់ឡើងថ្លៃទេ និយាយទៅគឺតម្លៃទូទៅ»។

អាជីវករម្នាក់ទៀតដែលលក់គោមផ្កាយសម្រាប់តាំងលម្អគឺអ្នកស្រី អ៊ូ ណាវី សង្កេតឃើញថានៅក្នុងឆ្នាំនេះមានអតិថិជនមកទិញគោមរបស់លោកច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែរដ្ឋាភិបាលបានបើកឲ្យមានការប្រារព្ធពិធីនេះឡើងវិញ។ អ្នកស្រីបានឲ្យដឹងថាក្នុងមួយថ្ងៃអ្នកស្រីលក់បានជាច្រើនគោម ដោយក្នុងមួយគោមមានតម្លៃចាប់ពី៨ពាន់រៀលទៅបីម៉ឺនរៀលដោយអាស្រ័យទៅលើម៉ូដ និងទំហំ។

គោមទាំងអស់ អ្នកស្រីលើកយកលក់បន្តពីអ្នកធ្វើនៅភ្នំពេញផ្ទាល់។ អ្នកស្រីបន្តថា គោមទាំងអស់នេះ គឺគេចាប់ផ្ដើមធ្វើតាំងពីខែកុម្ភៈមកម្ល៉េះ ដើម្បីបំពេញឲ្យបានទាន់តម្រូវការរបស់អតិថិជន។

តាមការយល់ឃើញរបស់អ្នកស្រី ប្រជាពលរដ្ឋទិញគោមដាក់តាំងលម្អផ្ទះ ដោយសារតែពួកគេយល់ឃើញថាការតាំងគោមមានលម្អជាមួយភ្លើងចម្រុះ នឹងធ្វើឲ្យគ្រួសាររបស់ពួកគេមានសិរីសួស្ដី និងមានលាភសំណាង។

អ្នកស្រីនិយាយថា៖ «អត់អាចរាប់បានដែរ ព្រោះអីវារាងច្រើន ឆ្នាំហ្នឹងលក់ដាច់ច្រើន ព្រោះពីរឆ្នាំមុនគេបិទ គេមិនឲ្យចូលឆ្នាំ ដល់ពេលឆ្នាំមុនគេនេះគេបើកវិញទៅទើបយើងលក់បាន។ គោមនេះយើងធ្វើនៅភ្នំពេញខ្លួនឯង។ គោមនេះធ្វើពីយូរហើយ ចូលឆ្នាំ (ចិន) ហើយភ្លាមយើងធ្វើភ្លាម។ ចំពោះគោមសូត្រនេះ តម្លៃពីរម៉ឺន មានតាមតម្លៃវាមានទំហំតូចធំ។ ពីមុនយើងលក់ដាច់ប្រភេទថង់ថ្លា តែឥឡូវយើងលក់ដាច់ប្រភេទសូត្រវិញ។ គេទិញគោមយកទៅដាក់តាំងលម្អនៅមុខផ្ទះ ទទួលទេវតាឆ្នាំថ្មី ធ្វើឲ្យមានពន្លឺភ្លឺ មានសិរីសួស្ដី»។

ជាមួយគ្នានេះ អាជីវករលក់សម្ភារៈតុបតែងលម្អគឺលោក ហាក់ នរិន្ទ បានឲ្យដឹងថានៅក្នុងឆ្នាំនេះមានអតិថិជនមកទិញគ្រឿងតាំងលម្អពីហាងរបស់លោកច្រើនជាងសព្វមួយដង។ នៅក្នុងហាងរបស់លោកមានលក់សម្ភារៈមួយចំនួនដូចជាកន្ត្រកដាក់ផ្កា ល្អី ទ្រូ អង្រុត ឈ្នាង ក្អម សុទ្ធសឹងជាឧបករណ៍របស់ខ្មែរ ដែលប្រជាពលរដ្ឋទិញយកទៅតុបតែងលម្អនៅតាមផ្ទះ ក្រុមហ៊ុន ស្ថាប័ននានា និងយកទៅលេងល្បែងប្រជាប្រិយផ្សេងៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោកនិយាយថា៖ «ទាក់ទងទៅនឹងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ផលិតផលដែលខ្ញុំលក់មានប្រភេទដូចជាល្អីមូល និងជ្រុង ក្រៅពីហ្នឹងយើងមានលក់ដូចជាអង្រុត ឈ្នាង ទ្រូ ដែលផលិតផលទាំងអស់នេះ សុទ្ធតែជាផលិតផលរបស់ខ្មែរ ហើយគេប្រើសម្រាប់ដេគ័រសង្ក្រានឆ្នាំថ្មី។ អតិថិជនភាគច្រើន យើងឃើញថាមួយរយៈប្រហែល១០ថ្ងៃនេះ យើងមានជាប្រភេទក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួនដែលគាត់ទិញសម្រាប់ដេគ័រកន្លែងធ្វើការរបស់ពួកគាត់ ហើយមានជាលក្ខណៈដែលគាត់ទិញយកទៅលេងកម្សានមានដូចជាក្អម ខ្សែដែលគាត់យកទៅទាញព្រ័ត្រ»។

ចំណែកប្រជាពលរដ្ឋកំពុងដើរទិញឥវ៉ាន់នៅក្នុងផ្សារអូរឬស្សី គឺអ្នកស្រី គឿន ឡាង និងលោក ទេព ប៊ុត ជាស្វាមីបានឲ្យដឹងថា ពួកលោកបានទិញ ផ្កា គោមផ្កាយ គ្រឿងតង្វាយ និងម្ហូបអាហារសម្រាប់ត្រៀមក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើត។

អ្នកស្រីបន្តថា នៅក្នុងឆ្នាំនេះអ្នកស្រីសង្កេតឃើញមានមនុស្សច្រើនកុះករមកទិញឥវ៉ាន់ជាងឆ្នាំមុនៗ ដោយសារតែការប្រកាសរបស់រដ្ឋាភិបាលដោយឲ្យប្រារព្ធពិធីចូលឆ្នាំឡើងវិញ មានការជួបជុំគ្នាជាធម្មតា និងត្រូវអនុវត្តតាមវិធានសុខាភិបាល។

អ្នកស្រីនិងស្វាមីនិយាយថា៖ «កាលពីរាល់ឆ្នាំៗយើងអត់ដែលបានធ្វើផង (បុណ្យចូលឆ្នាំខ្មែរ) ដូចជាពីរឆ្នាំហើយ ដល់ពេលឆ្នាំនេះដូចមានមនុស្សច្រើន ដូចថាអត់ដែលបានចូលឆ្នាំ ព្រោះថាធ្លាប់ពីមុនបានធ្វើ តែពេលតាំងពីផ្ទុះកូវីដហ្នឹងមកអត់បានសប្បាយទេ ដល់បានសម្ដេចបើកវិញទៅដូចថាសប្បាយ។ ប៉ុន្តែទោះថាយើងទៅណាទៅណីក៏មិនភ្លេចដែរ ម៉ាស់ ហើយទឹកអាល់កុល ដាក់ជាប់ខ្លួន។ […] និយាយទៅសប្បាយតាមធម្មតា ព្រោះអត់មានបញ្ហាអីទេ ព្រោះខានពីរឆ្នាំហើយ បើកវិញទៅគឺសប្បាយនឹងគេនឹងឯងដែរ។ ចំពោះប្រជាពលរដ្ឋ ខ្ញុំឃើញដូចជាត្រៀមឥវ៉ាន់ ប្រដាប់ប្រដាសម្រាប់ចូលឆ្នាំហ្នឹងច្រើន មើលទៅគាត់ទៅណាមកណាក៏សប្បាយដូចជាមិនខ្វល់អីទៀតទេឥឡូវ» ។

អ្នកស្រីនិងស្វាមីបានបង្ហាញការសប្បាយរីករាយ ក្នុងការត្រៀមទទួលទេវតាឆ្នាំថ្មី ជាពិសេសគឺការបានជួបជុំបងប្អូននៅស្រុកកំណើតផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះនឹងប្រារព្ធជាធម្មតា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «បើសិនជាយើងអត់វ៉ាក់សាំងឆ្នាំនេះ ប្រហែលជាអត់បានចូលឆ្នាំទៀត មិនត្រឹមតែមិនបានចូលឆ្នាំ និងមានមនុស្សស្លាប់ទៀត ប៉ុន្តែឆ្នាំនេះ ការចូលឆ្នាំនៅបន្ត»។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះ នឹងរៀបចំធ្វើឡើង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក