កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

នាយករដ្ឋមន្ត្រីជំរុញឱ្យបង្កើនការផ្សព្វផ្សាយពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឱ្យបង្កើនការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់នៃ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ ធីវេទ (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ក្នុងសារាចរចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ក្រសួងការងារត្រូវរៀបចំផលិតជាវីដេអូ និងខ្លឹមសារឯកសារ ផ្សេងៗ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរូមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមសហការធ្វើការផ្សព្វផ្សាយតាមរយៈការចងពាក្យស្លោក បដា នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន ហើយរដ្ឋបាលខេត្តនីមួយៗ ត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ។

បដា និងពាក្យស្លោក ដែលសម្ដេចតេជោបញ្ជាឱ្យដាក់នៅតាមអង្គភាពនិងទីសាធារណៈតាមខ្លឹមសារគឺសុទ្ធសឹងតែជាការអបអរសាទរ និងប្រាប់ពីគុណសម្បត្តិនៃការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដូចជា TVET ជួយឱ្យមានការងារសមរម្យ និងមានប្រាក់ចំណូលខ្ពស់! TVET ជំនាញពិត ជីវិតប្រសើរ! TVET ជាសសរស្ដម្ភមួយនៃកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋ! TVET ផ្តល់ជំនាញពិត ផ្តល់ការងារ និងមុខរបរសមរម្យ! យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត! ស្ត្រី និងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានដែរ! TVET ដើម្បីទាំងអស់គ្នា! ជាដើម។

ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក