ភ្នំពេញ : មនុស្សសរុបចំនួន ២ ៧១០ ៣៥៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា បានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ១២៨ ៩០១នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌិន នៅថ្ងៃសុក្រ ទី០៤ ខែមិថុនានេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន ២៧.១០%ហើយ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៨២៩ ៩៦៤ដូស ខណៈចាក់លើកទី២ អស់ ៧៩២ ៧៤៥ដូស។ វ៉ាកសាំងម៉ាក Covishield (AstraZeneca) បានចាក់លើកទី១ សរុបចំនួន ១៥៧ ៦៦០ដូស ខណៈចាក់លើកទី២ អស់ ១៣៦ ៣៨៣ដូស និងវ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់ បានចាក់លើកទី១ សរុបចំនួន ១ ៧២២ ៧៣៥ដូស ខណៈចាក់លើកទី២ អស់ ១ ១៩៩ ៧៧៣ដូស៕