
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរប្រធានរដ្ឋសភាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិន ផ្ញើរលិខិតជូនពរដល់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ថ្ងៃសុក្រ ១៤កើត និងថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២២ ខាងមុខ។
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្តី សូមអភិវន្ទសម្ដែងនូវសេចក្ដីអំណរសាទរដោយស្មោះអស់ពីដួងចិត្ត ប្រកបដោយសេចក្តីគោរព ស្រឡាញ់យ៉ាងជ្រាលជ្រៅ សូមចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់យ៉ាង ចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំរដ្ឋសភាដែល ជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រម្ពុជា សម្រេចបាននូវស្នាដៃធំធេងថ្មីៗជាច្រើនថែមទៀត សំដៅបន្តចូល រួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងពង្រឹងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ៕