ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគោរព និងដឹងគុណថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយថាព្រះអង្គតែងចំណាយកាយពល ព្រះរាជបញ្ហាញាណ និងរាជទ្រព្យយ៉ាងច្រើនដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងសារលិខិតថ្វាយព្រះពរចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ តាងនាមរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បានលើកឡើងថា៖ «ទូលបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសាក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ដែលព្រះអង្គបានចំណាយព្រះរាជបញ្ញាញាណ និងព្រះកាយពលក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ និងសង្គមកិច្ច ជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ក្នុងការលើកកម្ពស់វិស័យមនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជារយៈកាលកន្លងមក»។
ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦-គ.ស ២០២២ សម្ដេចតេជោ បានបូងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុសាកសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីដួងព្រះវិញាណក្ខន្តអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល សូមព្រះអង្គតាមជួយថែរក្សាសព្វសាធុការពរជ័យព្រប់ប្រការ និងសូមសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕