ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្វាយសារលិខិតមួយច្បាប់បង្គំថ្វាយព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ដោយបានសម្ដែងនូវអំណរសាទរថ្វាយព្រះរាជានូវការដឹងគុណចំពោះទឹកព្រះទ័យព្រះមហាក្សត្រចំពោះជាតិមាតុភូមិដេលបាននាំឱ្យកម្ពុជាមានកិត្យានុភាពលើឆាកអន្តរជាតិ ធ្វើឱ្យកម្ពុជាមានការរីកចម្រើនដល់បច្ចុប្បន្ន។
ក្នុងសារលិខិតថ្វាយព្រះពរចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ តាងនាមរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បានលើកឡើងដោយសំដែងនូវការដឹងគុណដោយស្មោះថ្វាយចំពោះព្រះរាជបញ្ញាញាណ និងសកម្មភាពរបស់ព្រះមហាក្សត្រក្នុងសកម្មភាពចំពោះជាតិមាតុភូមិ ប្រជានុរាស្ត្រ និងកិច្ចការបរទេសរបស់ព្រះអង្គដែលបានរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពជាតិ ការអភិវឌ្ឍនសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ក្នុងការលើកកម្ពស់វិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាព និងជីវភាពរស់នៅរប់សប្រជារាស្ត្រនៅទូទាំងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦-គ.ស២០២២ សម្ដេចតេជោ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុសាកសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីដួងព្រះវិញាណក្ខន្តអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល សូមព្រះអង្គតាមជួយថែរក្សាសព្វសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះករុណាសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕