ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយទុកលទ្ធភាពឱ្យពលរដ្ឋដែលរស់នៅ និងចូលទៅលេងជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាសដោយខ្លួនឯង។
ក្នុងសារពិសេសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានលើកឡើងថា ការសម្រេចដកកាតាព្វកិច្ចពាក់ម៉ាស់ពីខេត្តទាំង៤នេះ ដើម្បីសាកល្បងភាពធន់សហគមន៍ដែលកម្ពុជាបានអនុវត្តបានជោគជ័យនាពេលកន្លងមក។
សម្ដេចថា៖ «យើងសាកល្បងនេះមិនមែនយកជីវិតប្រជាជនទៅសាកល្បងទេ! ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន់ភាពសាំសហគមន៍របស់យើង ទាំងនៅទីក្រុងនិងជនបទ។ ហើយខេត្តដែលយើងដាក់ឲ្យអនុវត្តនេះ ជាខេត្តដែលគ្មានឆ្លង ហើយបើមានឆ្លងក៏តិចតួចណាស់ក្នុងរយៈពេលកន្លងមក»។
សម្ដេចតេជោបញ្ជាក់ថា ការដកកាតាព្វកិច្ចនេះ គឺពលរដ្ឋអាចជ្រើសរើសថាពាក់ឬក៏មិនពាក់ម៉ាស់បានដោយខ្លួនឯង ហើយសម្រាប់អ្នកទេសចរក៏មានសិទ្ធិនៅក្នុងការពាក់ឬមិនពាក់ម៉ាស់នៅក្នុងខេត្តទាំង៤នេះផងដែរ។
សម្ដេចរម្លឹកផងដែរថា «កាតាព្វកិច្ចពាក់ម៉ាស់នឹងត្រូវអនុវត្តវិញភ្លាមក្រោយពលរដ្ឋបានចាកចេញពីខេត្តទាំង៤»។
សម្ដេចតេជោបានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្រ្តីសុខាភិបាល ឲ្យដឹកនាំកិច្ចប្រជុំអំពីវិធានការទាំងឡាយដែលត្រូវប្រកាន់យកសម្រាប់ខេត្តទាំង៤នេះ ខណៈរដ្ឋបាលខេត្តទាំងបួនត្រូវត្រៀមវិធានការធ្វើតេស្តរហ័សពេលមានការសង្ស័យណាមួយ ហើយពលរដ្ឋដែលសង្ស័យខ្លួនឯងឆ្លងកូវីដ-១៩ ត្រូវទៅពេលធ្វើតេស្តឲ្យបានឆាប់។
ការដកកាតព្វកិច្ចនៃការតម្រូវឲ្យពាក់ម៉ាស់ក្នុងខេត្តចំនួន ៤នេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះតទៅ៕