លោក ហ៊ុន ម៉ាណែត៖ ការធានានូវសន្តិភាព ស្ថិរភាព និងការទទួលបានឱកាស ជាអ្វីដែលគណបក្សប្រជាជនឱ្យតម្លៃបំផុត
ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃសន្តិភាព ស្ថិរភាព និងការទទួលបានឱកាស ដើម្បីធានាដល់ការរីកចំរើនរបស់យុវជនក៏ដូចជាប្រទេសជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានជំរុញដល់មន្ត្រីបក្សនៅមូលដ្ឋានបន្តសាមគ្គីគ្នា និងលើមាគ៌ាបក្សគឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លោកថា ការចូលរួមអនុវត្តការងាររបស់មន្ត្រីបក្សនៅមូលដ្ឋាន គឺជាកត្តាកំណត់មួយនៃជោគជ័យរបស់គណបក្សទាំងក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឈានទៅរក្សាប្រៀបឈ្នះនៅក្នុងគ្រប់ការបោះឆ្នោតបន្តទៅមុខទៀត។
ក្នុងឱកាសនេះលោកក៏បានលើកពីភាពចាំបាច់ដើម្បីធានានូវការលូតលាស់របស់យុវជនផងដែរគឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។ លោកថា យុវភាពជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្ត និងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។
លោកបន្ថែមថា៖ «ក្នុងន័យនេះ ដើម្បីឱ្យលទ្ធភាពនៃជោគជ័យនេះ មានលក្ខណៈប្រាកដនិយម គឺចាំបាច់ណាស់ដែលយុវជនត្រូវធ្វើការសម្រេចចិត្តដោយផ្សារភ្ជាប់ក្តីស្រម៉ៃនោះ ទៅនឹងស្ថានភាពជាក់ស្តែង តាមរយៈការពិចារណាល្អិតល្អន់ស៊ីជម្រៅអំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីជ្រើសរើសអនាគតមួយឱ្យបានត្រឹមត្រូវ ចៀសវាងការសម្រេចចិត្តធ្វើអ្វីមួយដែលហួសពីលទ្ធភាព និងសមត្ថភាពពិតរបស់យើង»។
លោកបានរម្លឹកដល់វេទិកាទាំងមូលថា ការសម្រេចចិត្តរបស់យុវជន គឺមានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិ ហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែក នឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរ ជាពិសេសការធានាធ្វើយ៉ាងណារក្សាឱ្យបាននូវបរិយាកាសអំណោយផលនៃ សន្តិភាព ស្ថិរភាព និងការទទួលបានឱកាស។
លោកបញ្ជាក់ថា៖ «នេះគឺជាអ្វីដែលគណបក្សយើងឱ្យតម្លៃបំផុត និងពុះពារប្តេជ្ញាថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្សខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត»។
«ពាក្យសន្ដិភាព ស្ថិរភាព និងការទទួលបានឱកាស» គឺសំដៅទៅលើ៖
- សន្តិភាព៖ សន្តិភាពពេញលេញ ដែលទទួលបានក្រោមជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺជាអ្វីដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ ហើយសន្តិភាពនេះ គឺជាមូលដ្ឋាននៃការសម្រេចបាននូវសមិទ្ធផលជាតិលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, រដ្ឋបាលសាធារណៈ, សង្គម, សេដ្ឋកិច្ច, ការទូត ។ល។ ជាពិសេស សន្តិភាពផ្លូវកាយ ក៏បានចូលរួមចំណែកផងដែរនូវការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការធានាបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, ភាពសុខដុមរមនាផ្នែកជំនឿសាសនា និងការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននៃនីតិរដ្ឋ ដែលជាកត្តាកំណត់នៃភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរឹងមាំ និងនិរន្តរភាពជាតិ។
- ស្ថិរភាព៖ សំដៅដល់ស្ថិរភាពផ្នែកនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលកម្ពុជាបានស្គាល់រួចមកហើយក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ហើយក៏កំពុងត្រូវបានលើកកម្ពស់បន្ថែមទៀត ស្របនឹងចក្ខុវិស័យសម្រាប់អនាគត។ ដោយឡែក បញ្ហាសន្តិសុខសាធារណៈ ក៏ជាផ្នែកមួយនៃស្ថិរភាពផងដែរ។ គេមិនអាចនិយាយបានទេអំពីបញ្ហាសន្តិសុខ នៅក្នុងសម័យសង្គ្រាម។ ដូច្នេះ ជាមួយនឹងអំណោយផលនៃសុខសន្តិភាពដូចបច្ចុប្បន្ន ស្ថានភាពសន្តិសុខរបស់ប្រទេសយើងមានលក្ខណៈល្អប្រសើរ ហើយក៏កំពុងត្រូវបានបន្តពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
- ឱកាស៖ មានន័យថា ជាលទ្ធភាពក្នុងការប្រើប្រាស់សិទ្ធិសេរីភាព ដើម្បីអភិវឌ្ឍខ្លួនឯង, ជួយទំនុកបម្រុងគ្រួសារ និងចូលរួមក្នុងដំណើរការកសាងជាតិ។ ក្នុងដំណាក់សង្គ្រាម យុវជន រួមទាំងកុមារផងបានបាត់បង់ឱកាសទាំងស្រុង និងគ្មានជម្រើសអ្វីក្រៅពីការទ្រាំរស់នៅក្នុងវិនាសកម្មដោយក្តីអស់សង្ឃឹម។ ប៉ុន្តែ បច្ចុប្បន្ននេះ យើងទាំងអស់គ្នាមានឱកាសគ្រប់បែបយ៉ាង ទាំងឱកាសរៀនសូត្រ, ឱកាសការងារ និងការបង្កលក្ខណៈគ្រប់បែបយ៉ាង ក្នុងគោលបំណងតែមួយគត់ គឺការធានាបាននូវអនាគតមួយពិតប្រាកដ និងល្អប្រសើរសម្រាប់គ្រប់គ្នា៕