ត្បូងឃ្មុំ៖ ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងពីការរួបរួមគ្នារបស់ពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីកន្លងទៅ ដែលបានសរបញ្ជាក់ឲ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃវប្បធម៌ចែករំលែក និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៍ណាមួយដែលជួបការលំបាក។
ថ្លែងជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមូលី ហៅវត្ត (គគីរ-ច្រាប) ស្ថិតនៅភូមិគគីរ-ច្រាប ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្ដេចពញាចក្រី បានលើកឡើងថាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ខណៈពេលដែលកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្ករនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើវិស័យសុខភាពសាធារណៈ សង្គមនិងសេដ្ឋកិច្ច វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើរដ៏ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស និងបានសរបញ្ជាក់ឲ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃវប្បធម៌ចែករំលែក និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយដែលជួបការលំបាក។
សម្ដេចពញាចក្រីថា កាយវិការដ៏ប្រពៃនេះបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរប្រុស ស្រី ក៏ដូចជាពលរដ្ឋបរទេសផងដែរ។
សម្ដេចពញាចក្រីថា៖ «វប្បធម៌នៃការចែករំលែក មានតម្លៃធំធេង នៅគ្រប់កាលទេសៈ ជាពិសេសនៅក្នុងគ្រាមានភ័យន្តរាយ ឬអាសន្នអន់ក្រ។ តាមរយៈភាពសស្រាក់សស្រាំក្នុងការការពារ និងជួយជនរងគ្រោះក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវមនុស្សជាតិនៃជំងឺរាតត្បាតកូវីដ-១៩ គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែកក្នុងចំណោមពលរដ្ឋខ្មែរ ដែលត្រូវបានគេគោរព និងកោតសរសើរក្រៃលែង»។
សម្តេចពញាចក្រីក៏បានសង្កត់ធ្ងន់ថា គុណធម៌របស់កម្ពុជា ក្រោមការដឹកនាំដ៏របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តី ត្រូវបានពិភពលោកទទួលស្គាល់និងគោរពកោតសរសើរបំផុត ចំពោះសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះការស្វែងរកជំនួយ ការទិញវ៉ាក់សាំងពីប្រទេសនានា និងការព្យាបាលអ្នកជំងឺកូវីដ រហូតជាសះស្បើយ ការផ្តល់និងចាក់វ៉ាក់សាំងនៅកម្ពុជាដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈភាព និងមិនយកកម្រៃឡើយ៕